ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៥ ជិត៥ពាន់នាក់!

(ភ្នំពេញ)៖ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ១៩នោះ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

ផ្តល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានឡើងវិញហើយ។

ពិធីជួបជុំសំណេះសំណាល និងអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៥នេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានអ្នកសារព័ត៌មានចូលរួមជិត ៥ពាន់នាក់។

ជំនួបអាហារសាមគ្គីនៅឆ្នាំនេះ ក៏មិនខុសពីបណ្តាឆ្នាំកន្លងទៅនោះដែរ ក្រៅពីអ្នកព័ត៌មានហើយនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អភិបាលរាជធានី ខេត្ត មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធលើវិស័យសារព័ត៌មាន ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីនេះផងដែរ។

លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោធទស្សន៍ នៃក្រសួងព័ត៌មាន មានប្រសាសន៍ថា : ជំនួបនេះធ្វើឡើងដោយ បើកទូលាយ ពោលអ្នកព័ត៌មានកំពុងបម្រើការងារនៅក្នុងប្រទេស កម្ពុជាសុទ្ធតែត្រូវបាន អនុញ្ញាតឱ្យចូលរួម ដោយមិនមានប្រកាន់អ្នកសារព័ត៌មានមកពីស្ថាប័នគាំទ្រ ឬមិនគាំទ្ររាជរដ្ឋាភិបាលនោះឡើយ។
បើតាមលោក ផុស សុវណ្ណ អ្នកព័ត៌មានដែលចូលរួមកម្មវិធីខាងលើនេះ ក៏មានអ្នកសារព័ត៌មានបរទេសប្រមាណ ២០រូបផងដែរ។

សូមបញ្ជាក់ថា វិស័យព័ត៌មានត្រូវបានគេចាត់ទុកជាវិស័យមួយដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង ស្ថាបនាសង្គមកម្ពុជាតាមគន្លងនៃប្រជាធិបតេយ្យ ចូលរួមកែលំអរសង្គម លុបបំបាត់អំពើពុករលួយ និងភាពអសកម្មទាំងឡាយ។ អ្នកព័ត៌មានក៏បានក្លាយជាអ្នកនាំសារ និងជាស្ពានចម្លងដ៏ពិសិដ្ឋមួយរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលផងដែរ។ ក្រៅពីនោះ ព័ត៌មាន ក៏បានបានដើរតួដ៏សំខាន់ក្នុងការបង្ហាញមុខមាត់កម្ពុជាទៅកាន់លើឆាកអន្តរជាតិ។

ចាប់តាំងពីកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ វិស័យព័ត៌មានជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា។ ជាមេដឹកនាំដែលចូលចិត្តសរសេរ ចូលចិត្តកត់ត្រា និងមានវោហាសព្ទខ្ពស់នៅចំពោះមុខមហាជន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកវិស័យព័ត៌មានជាដៃឆ្វេងស្តាំជាភ្នែកច្រមុះដ៏មានសារៈសំខាន់ សម្រាប់ជួយដល់ការដឹកនាំរបស់សម្តេចឱ្យទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ក្នុងរយៈប្រមាណជា៣៥ឆ្នាំកន្លងទៅនេះ។

ដោយមើលឃើញពីការរួមចំណែកដ៏មានសារៈសំខាន់របស់អ្នកព័ត៌មាននេះហើយ ជាហេតុនាំឱ្យសម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ឱកាសចូលរួមស្រស់ស្រូបអាហារសាមគ្គីជាមួយអ្នកព័ត៌មានជារៀងរាល់ដើមឆ្នាំថ្មី និងចំថ្ងៃដែលសម្តេចត្រូវបានសភាផ្តល់សេចក្តីទុកចិត្តធ្វើជានាយករដ្ឋមន្ត្រីដឹកនាំកម្ពុជា។

ដោយឡែកអ្នកព័ត៌មានវិញ ក៏មិនខុសពី៤ឆ្នាំកន្លងទៅនោះដែរ។ ពួកគេបានចាត់ទុកពេលវេលានៃការជួបអាហារសាមគ្គីជាមួយសម្តេចតេជោ ហ៊ុន សែន ជាពេលវេលាដ៏ពិសិដ្ឋសម្រាប់ពួកគេ។ ក្រុមអ្នកព័ត៌មាននៅក្នុងប្រទេសកម្ពុជា បានចាត់ទុកការពិសាអាហារសាមគ្គី គឺជាការផ្តល់កិត្តិយស និងផ្តល់តម្លៃដ៏ធំធេងសម្រាប់ពួកគេពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

មុនការមកដល់នៃជំនួបអ្នកព័ត៌មានបានបង្ហោះសារនានា រួមទាំងបណ្ណសម្គាល់ខ្លួនចូលរួមកម្មវិធី ខណៈអ្នកខ្លះក៏ត្រៀមអាវធំរៀបចំខ្លួនយ៉ាងសមសួន ដើម្បីចូលរួមក្នុងពិធីដ៏អធិកអធមនេះ។ តាមរយៈសារ តាមរយៈការត្រៀមលក្ខណៈសម្បត្តិ និងទឹកមុខដ៏ស្រស់ស្រាយ បានបង្ហាញថា ពួកគេពិតជារីករាយដែលទទួលបានឱកាសជួបអាហារសាមគ្គីជាមួយប្រមុខរាជរដ្ឋាភិបាល។

ជំនួបនៅល្ងាចថ្ងៃទី១៤ ខែមករា ដែលជាខួប៣៨ឆ្នាំនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងអនុញ្ញាតឱ្យអ្នកព័ត៌មានសាកសួរព័ត៌មាននានាផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *