(ភ្នំពេញ) ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅថ្ងៃទី២៣ ខែសីហា នេះបានប្រកាស រកឃើញ ម្សៅលាបខ្លួនទារក និងកុមាដែលចរាចរនៅលើទីផ្សារកម្ពុជា ចំនួន១២ប្រភេទ មានផ្ទុកសារធាតុគីមី អាសបេស្តុស (Asbestos) ដែលបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ចំពោះសុខភាពមនុស្ស ជាពិសេស គឺអាចបង្កឲ្យកើតជំងឺមហារីកដល់អ្នកប្រើប្រាស់ ។
អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានអោយដឹងថា ក្នុងគោលបំណងការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ ពិសេសទារក និងកុមារ អគ្គនាយកដ្ឋាន ក.ប.ប. បានអនុវត្តការងារចុះយកសំណាកគំរូ និងធ្វើតេស្តវិភាគលើផលិតផលម្សៅលាបទារក និងកុមារ (Baby Talcum Powders) មួយចំនួនដើម្បីវិភាគរកសារធាតុអាសបេស្តុស (Asbestos) ដែលជាសារធាតុបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ។
យោងលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍ បានបង្ហាញឲ្យឃើញថា សំណាកគំរូផលិតផលម្សៅលាបទារក និងកុមារមួយចំនួន មានវត្តមានសារធាតុអាបេស្តុស (ដូចមានក្នុងតារាងឧបសម្ព័ន្ធ) ។
ដើម្បីការពារសុខភាពអ្នកប្រើប្រាស់ ជាពិសេសទារកនិងកុមារ អគ្គនាយកដ្ឋាន ក.ប.ប. សូមដាក់ចេញនូវវិធានការបណ្ដោះអាសន្នមួយចំនួន ដូចខាងក្រោម ៖
១. ក្រុមហ៊ុននាំចូល និងចែកចាយផលិតផលម្សៅលាបទារក និងកុមារ ដូចមានក្នុងតារាងឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងនេះត្រូវ ៖
-ផ្អាកជាបណ្តោះអាសន្នការនាំចូលនិងចែកចាយរាល់ផលិតផលដែលមានក្នុងតារាងឧបសម្ព័ន្ធ
មកក្នុងព្រះរាជាណាចក្រកម្ពុជា ។
-ប្រមូលពីទីផ្សារនូវផលិតផលម្សៅលាបទារកនិងកុមារ និងរាយការណ៍មកអគ្គនាយកដ្ឋាន ក.ប.ប. អំពីបរិមាណផលិតផលដែលប្រមូល។
២. អគ្គនាយកដ្ឋាន ក.ប.ប. ទុករយៈពេល ២(ពីរ) សប្ដាហ៍ គិតចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីឲ្យក្រុមហ៊ុនសហការជាមួយ អគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការនាំយកនូវសំណាកនៃផលិតផល ដែលត្រូវបានរកឃើញថា មានសារធាតុអាសបេស្តុសទៅវិភាគតបនៅមន្ទីរពិសោធន៍ភាគីទី៣ ដែលមានសមត្ថភាព និងការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
៣. ក្រុមហ៊ុនត្រូវបន្តកិច្ចសហការ ជាមួយរោងចក្រផលិត និងសមត្ថកិច្ច ក.ប.ប. ដោយឈរលើគោលការណ៍តម្លាភាព និងគាំទ្រ ដោយមូលដ្ឋានវិទ្យាសាស្ត្រ ដើម្បីធានាថា រាល់ផលិតផលម្សៅលាបទារក និងកុមារ ដែលត្រូវបានចែកចាយ និងដាក់លក់នៅលើទីផ្សារ មិនត្រូវមានសារធាតុអាបេស្តូសឡើយ ។
៤. អគ្គនាយកដ្ឋាន ក.ប.ប. នឹងជូនដំណឹងអំពីព័ត៌មានលម្អិត និងវិធានការបន្ថែមទៀត នៅពេល
ដែលទទួលបានលទ្ធផលវិភាគ ពីមន្ទីរពិសោធន៍ភាគី ទី៣ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានតម្លាភាព ។
សូមជម្រាបជូនផងដែរថា សារធាតុអាសបេស្តុស មិនត្រូវអនុញ្ញាតឲ្យមានវត្តមាននៅក្នុងផលិតផលគ្រឿងសម្អាងទេ ។ វត្តមាននៃសារធាតុនេះ អាចនឹងបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពមនុស្ស ជាពិសេសអាចបណ្តាលឱ្យកើតជំងឺមហារីក ។
ជាមួយនឹងវិធានការខាងលើ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ អគ្គនាយកដ្ឋាន ក.ប.ប. បានប្រជុំជាមួយក្រុមហ៊ុន DKSH តាមរយៈប្រព័ន្ធអនឡញ ក្រោមអធិបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងតំណាងក្រុមហ៊ុន DKSH ។
កិច្ចប្រជុំនេះ អគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើបទបង្ហាញអំពីលទ្ធផលវិភាគម្សៅទារក និងកុមារ ដែលធ្វើពីម្សៅតាល់ (Talc) ដែលមានសារធាតុអាសបេស្តុស ហើយអគ្គនាយកដ្ឋាន ក.ប.ប. បានស្នើឲ្យក្រុមហ៊ុនបញ្ឈប់ការចរាចរផលិតផលម្សៅលាបទារក និងកុមាររបស់ខ្លួន ដោយរង់ចាំលទ្ធផលវិភាគផ្ទៀងផ្ទាត់ពីមន្ទីរពិសោធន៍ភាគី ទី៣ ។
ប្រភេទម្ស៉ៅ ទាំងនោះ រួមមាន ៖
Johson’s baby powder 380g,
Johson’s blossoms baby powder 380g,
D-nee Kids baby powder 380g,
D-nee Newborn baby powder 380g,
Pureen baby powder 125g,
Laffair Be Love 320g,
Kodomo baby powder 180g,
BHAESAJ Cool powder 35g,
និងBaby mild Natural’N Mild 180g ។
ម្សៅលាបខ្លួនទារក និងកុមារទាំងនេះ ក.ប.ប បានបញ្ជាក់ថា ជាផលិតផលដែលផលិតនៅរោងចក្រ ក្នុងប្រទេសថៃ និងម៉ាឡេស៊ី ៕