ខេត្ដកំពង់ចាម៖ ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ដែលហៅថាគម្រោងមូលនិធិឃុំសង្កាត់ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ថវិកា មកថ្នាក់ក្រោមជាតិដើម្បីធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ដូចជាការស្ថាបនាផ្លូវក្រាលគ្រួសក្រហម ការស្ដារប្រឡាយទឹក និងការស្ថាបនាផ្លូវបេតុងជាដើម ក្នុងគោលដៅ ធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋ មានជីវភាពកាន់តែប្រសើរឡើង។
ទាក់ទងទៅនឹងផែនការអភិវឌ្ឍន៍មូលដ្ឋានខាងលើនេះ លោក ង៉ោ ជោត មេឃុំត្រប់ ស្រុកបាធាយ បានឱ្យដឹងនៅល្ងាចថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២៣ ថា គម្រោងផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៣៦៥ ម៉ែត្រ តម្លៃប៉ាន់ស្មានជាង ២៦៨ លានរៀល គម្រោងនេះដេញថ្លៃបានដោយក្រុមហ៊ុន អ៉ីម អេន ក្នុងតម្លៃជាង ៥៨ លានរៀល ។
លោកមេឃុំបញ្ជាក់ថា ផ្លូវបេតុងប្រវែង ៣៦៥ ម៉ែត្រនោះ ចែកចេញជា ២ខ្សែ គឺក្នុងភូមិត្រប់១ខ្សែ និងភូមិថ្មី១ខ្សែ ។ ប៉ុន្តែការស្ថាបនាផ្លូវចូលក្នុងភូមិទាំងពីរ។មានប្រវែងខ្លី ទើបលោកបានប្រើថវិកា សល់ពីការដេញថ្លៃគម្រោងនេះ ធ្វើការប្រជុំពិភាក្សាជាមួយសហគមន៍ប្រជាពលរដ្ឋ និងប្រជុំជាមួយគណៈកម្មការលទ្ធកម្មក្រុមប្រឹក្សាឃុំទាំងអស់ សម្រេច បន្តគម្រោងផ្លូវនេះឲ្យបានវែងជាងមុន ។
លោកមេឃុំត្រប់បញ្ជាក់ទៀតថា ក្នុងការដេញថ្លៃប្រកួតប្រជែង គឺខាងក្រុមហ៊ុន អ៉ីម អេន អនុវត្តក្នុងតម្លៃ១ម៉ែត្រការ៉េ ៣ម៉ឺន២ពាន់រៀល សាងសង់រួចខាត ។ ប៉ុន្តែក្នុងគម្រោងបន្ត ក្រោយពិនិត្យឃើញថាក្រុមហ៊ុនសាងសង់ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ទើបគណៈកម្មការលទ្ធកម្ម ក៏ដូចជាសហគមន៍ប្រជាពលរដ្ឋបានឯកភាពឲ្យក្រុមហ៊ុននោះសាងសង់បន្តក្នុងតម្លៃ ១ម៉ែត្រការ៉េ ១០ម៉ឺនរៀល។
ដោយឡែក លោក ហ៊ល ញ៉ុង មេឃុំសណ្តែក បានឲ្យដឹងដែរថា ឆ្នាំ ២០២៣ នេះ នៅភូមិស្រឹង បានស្ថាបនាផ្លូវបេតុងអាមេ១ខ្សែ ប្រវែងជាង ៥០០ ម៉ែត្រ ដាក់ឲ្យដេញថ្លៃទឹកប្រាក់ប៉ាន់ស្មានជាង ៣០០ លានរៀល ។គម្រោងនេះ ដេញថ្លៃបានដោយក្រុមហ៊ុន ឆើត ឆេន ក្នុងតម្លៃ ក្នុង១ម៉ែត្រការេ ជាង៣ម៉ឺនរៀលប៉ុន្តែពេលសាងសង់រួច ខាត ។ ក្រោយការអនុវត្តរបស់ក្រុមហ៊ុន ម្ចាស់លទ្ធកម្មឃុំនៅសល់កញ្ចប់ថវិកាមួយចំនួនទៀត ដែលត្រូវធ្វើផ្លូវបេតុងបន្តទៅភូមិដែលមានអតិភាពជាងគេ ក្នុងឃុំសណ្តែក ។ បន្ទាប់មកក្រោយពេលប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាឃុំ ព្រះសង្ឃ តំណាងចាស់ព្រឹទ្ធាចារ្យ ក្នុងភូមិទាំង៤ រហូតបានឯកភាពគ្នា ឲ្យក្រុមហ៊ុនដដែល សាងសង់ផ្លូវបេតុង បន្ថែមទៀតនៃថវិកាដែលនៅសល់ ក្នុងតម្លៃសមរម្យមួយ ដែលគណៈកម្មការលទ្ធកម្មឃុំ ព្រះសង្ឃ និងប្រជាពលរដ្ឋឯកភាព ផ្ដល់ជូនឲ្យក្រុមហ៊ុនសាងសង់បន្ត ។
ងាកមក លោក ឈិន ឆូយ មេឃុំទំនប់វិញ ក៏បានបើកបង្ហាញ ប្រហាក់ប្រហែលគ្នា និងមេឃុំទាំង២ ខាងលើនោះដែរ ។ លោក ឈិន ឆូយ ថា ឃុំរបស់លោក បានដាក់ឲ្យដេញថ្លៃផ្លូវបេតុងមួយខ្សែដែរ នៅភូមិប្រយុក ប្រវែង ៣៥០ទឹកប្រាក់ប៉ាន់ស្មាន ២៣៥លានរៀល គឺក្រុមហ៊ុន មន សុភ័ណ្ឌ ដេញបានក្នុងតម្លៃ ៨០ លានរៀល ។ ដូច្នេះចំពោះកញ្ចប់លុយដែលនៅសល់ ត្រូវបានផ្ដល់ជូនទៅឲ្យក្រុមហ៊ុនដដែលនេះធ្វើការសាងសង់ផ្លូវបេតុងបន្ត បានរហូតដល់ ១, ៣១២ម៉ែត្រ ក្នុងតម្លៃមួយ ដែលមានការឯកភាពពី គណៈកម្មការលទ្ធកម្មឃុំ អ្នកបច្ចេកទេស និងសហគមន៍ប្រជាពលរដ្ឋផងដែរ ។
ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋចាស់ព្រឹទ្ធាចារ្យ ដែលជាអ្នកទទួលផលនៅតំបន់ឃុំទាំង ៣ខាងលើ បានចេញមុខសំដែងការអរគុណ ចំពោះរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិសេសលោកមេឃុំ ដែលបានខិតខំធ្វើការងារបម្រើសេវាជូនប្រជាពលរដ្ឋ និងបានរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាន ធ្វើឲ្យពួកគាត់ទទួលបានផ្លូវបេតុងប្រកបដោយគុណភាព នាយស្រួលដល់ការធ្វើដំណើរ ដូចពេលបច្ចុប្បន្ននេះ ៕