(កណ្តាល)៖ នគរបាលស្រុកស្អាង បានឃាត់ខ្លួនចោរលួចលុយម្នាក់ ដែលបានប្រើប្រាស់គ្រឿងញៀន ខណៈកំពុងចូលលួចកាបូបគេក្នុងផ្ទះ តែត្រូវម្ចាស់ផ្ទះតាមទាន់ ក៏រាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ ។
ហេតុការណ៍នេះ បានកើតឡើងកាលពី យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២៣ និង ៤០នាទី នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ គឹម សារ៉ុម ស្ថិតនៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះ ឈ្មោះ គឹម សារ៉ុម ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
រីឯជនសង្ស័យ ដែលឃាត់ខ្លួនឈ្មោះ ថា ដា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (មុខសញ្ញាលួចសកម្ម) មានទីលំនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល (មានផ្ទុកនូវសារធាតុញៀន) ។
វត្ថុតាងចាប់យករួមមាន៖
១. កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន០១
២. ប្រាក់រៀល ចំនួន ២៧៨,៥០០៛(ពីរសែនប្រាំពីរម៉ឺនប្រាំបីពាន់ប្រាំរយរៀល) ជារបស់ជនរងគ្រោះ
តាមប្រភពព័ត៌មានពីបងថ្លៃ ជនរងគ្រោះ បានប្រាប់ថា៖ នៅថ្ងៃទី ខែ ឆ្នាំ និងវេលាម៉ោងកើតហេតុខាងលើខណៈពេលជនរងគ្រោះ និងក្រុមគ្រួសារកំពុងដេកលង់លក់ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពចូលទៅលួចលុយនៅក្នុងផ្ទះរបស់ជនរងគ្រោះ ពេលនោះដែរក៏ត្រូវបានឈ្មោះ សន សុខា ហៅ សុខ ត្រូវជាបងថ្លៃរបស់ជនរងគ្រោះ បានឃើញជនសង្ស័យធ្វើសកម្មភាព ក៏បានស្រែកឆោឡោរឡើង ទើបជនរងគ្រោះ និងក្រុមគ្រួសារ ភ្ញាក់ហើយបានឃើញជនសង្ស័យកាន់កាបូបលុយរបស់ខ្លួន ក៏ធ្វើការឃាត់ខ្លួន រួចរាយការណ៍ប្ដឹងមកសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវឱ្យជួយអន្តរាគមន៍ ។
ក្រោយពេលទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវ សហការជាមួយកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យ ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យឈ្មោះ ថា ដា បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលទៅលួចលុយពីឈ្មោះ គឹម សារ៉ុម ពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង អនុវត្តន៍ទៅតាមនីតិវិធី ។
កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ ខេត្តកណ្ដាល ចំនួន ០២លើកមកហើយ
លើកទី១ ជាប់នៅក្នុងឆ្នាំ២០១២ ពីបទអំពើលួចម៉ូតូ រយៈពេល ១ឆ្នាំ ។
លើក២ ជាប់នៅក្នុងឆ្នាំ២០១៩ ពីបទអំពើលួចម៉ូតូ រយៈពេល ជាង១ឆ្នាំ ។
សមត្ថកិច្ចនគរបាលបានធ្វើតេស្តយកសំណាករកមេរោគ កូវីត-១៩ លើជនសង្ស័យរួចរាល់ហើយ លទ្ធផលគឺៈ អវិជ្ជមាន (-) ។