ព័ត៌មានជាតិ

មន្ត្រីជំនាញរកឃើញពពុះសណ្ដែក៥គីឡូមានសារធាតុគីមី ដាក់លក់នៅផ្សារស្វាយជ្រំ

ខេត្ដស្វាយរៀង៖ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋក្នុងបរិបទនៃជំងឺកូវីដ១៩

ដែលកំពុងរាលដាលនៅក្នុងសហគមន៍ និងជិតដល់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលឈានចូលមកដល់នាពេលខាងមុខនេះ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង បានដឹកនាំក្រុមការងារ ដោយមានការសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យទំនិញ ផលិតផល ម្ហូបអាហារ និងទំនិញវិចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោក ផឹង និល បានឲ្យដឹងដា សកម្មភាពការងារត្រួតពិនិត្យនេះ មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបាន ប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហាចំនួន ១៩គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមីដាក់ក្នុងពពុះសណ្តែកចំនួន ៥គីឡូក្រាម មាន សារធាតុគីមី (Borax ) ហើយមន្ត្រីជំនាញក៏បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។

លោក ផឹងនិល បន្តថា ដោយសារកន្លងមកមន្ត្រីជំនាញបានចុះអង្កេតនៅតាមទីផ្សារញឹកញាប់ ដូច្នេះអាជីវករមួយចំនួននៅខេត្តស្វាយរៀង មានការយល់ដឹងខ្ពស់ក្នុងការ លក់ទំនិញគ្រប់ប្រភេទ គោរពទៅតាមការណែនាំរបស់មន្ត្រីជំនាញ គឺធ្វើយ៉ាងណាកុំលក់ទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ជាពិសេសពពុះសណ្ដែក ដែលមានសារធាតុគីមីត្រូវបញ្ឈប់លក់ជាបន្ទាន់ ព្រោះនាំឲ្យគ្រោះថ្នាក់ដល់សុខភាពរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងការទិញទំនិញជាពិសេសស្លាដក និងទំនិញហូបចុកប្រចាំថ្ងៃ ត្រូវពិនិត្យមើលកាលបរិច្ឆេទឲ្យបានច្បាស់លាស់មុននឹងទិញយកទៅបរិភោគ។ ជាមួយគ្នានោះដែរមន្ត្រីជំនាញក៏បានចែកស្ទីកគ័របិទ នៅតាម ស្តង់លក់ទំនិញមួយចំនួននៅផ្សារស្វាយជ្រំ ដើម្បីបង្កើនការយល់ដឹងអំពីការលក់ទំនិញវេចខ្ចប់ស្រាប់ និងផលប៉ះពាល់នូវទំនិញដែលខូចគុណភាពផងដែរ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *