ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យជួយអន្តរាគមន៍បន្ទាន់ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយមហន្តរាយ ទឹកជំនន់ ប្រមាណ ២ម៉ឺនគ្រួសារ

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យជួយអន្តរាគមន៍បន្ទាន់ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយមហន្តរាយ ទឹកជំនន់ ប្រមាណ ២ម៉ឺនគ្រួសារ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យ យន្តការដែលពាក់ព័ន្ធ ចុះជួយ អន្តរាគមន៍បន្ទាន់ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយមហន្តរាយទឹកជំនន់ ប្រមាណ២ម៉ឺនគ្រួសារ ដែលស្ថិតនៅ ២០ ខេត្ត រាជធានីនោះ។
ក្នុងពិធីប្រគល់ សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦ .៤១១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ជុំវិញបញ្ហាទឹកជំនន់ថា៖ កន្លែងណាដែលវាយតម្លៃផលប៉ះពាល់រួច ត្រូវដឹកស្រូវពូជ ឬពូជដំណាំ ចុះជួយកសិករភ្លាម ដោយមិនត្រូវរង់ចាំ អ្វីទាំងអស់ ហើយបើកន្លែងខ្លះ ធ្វើស្រូវឡើងវិញបាន ក៏ធ្វើស្រូវ ហើយកន្លែងខ្លះ ដែលមិនអាច ធ្វើស្រូវឡើងវិញបាន បើប្រជាជន ត្រូវការពូជដំណាំអ្វី ត្រូវផ្គត់ផ្គង់ពូជនោះ ដើម្បីឱ្យពួកគាត់មានលទ្ធភាព ស្ដារឡើងវិញ ដំណាំកសិកម្ម របស់ពួកគាត់។
សម្ដេចតេជោបន្ដថា៖ ព្រោះយើងមានស្តុកយុទ្ធសាស្ត្រស្រាប់ ហើយយន្តការរបស់ក្រសួងកសិកម្ម ត្រូវធ្វើសកម្មភាពនេះឱ្យបានលឿន ជាមួយនឹងគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច។
សម្ដេចតេជោបានផ្ដាំផ្ញើ មន្ត្រីកសិកម្មទាំងអស់ ក៏ដូចជា អាជ្ញាធរដែនដី ថា៖ «មិនមែនជិះសេះមើលផ្កាទេ ត្រូវនៅឱ្យជាប់ ជាមួយប្រជាជន វាយតម្លៃឱ្យត្រូវ នៅឱ្យកៀកកិត ជាមួយនឹងពួកគាត់ ដើម្បីអន្តរាគមន៍បន្ទាន់»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្លែងឱ្យដឹងថា៖ បើយោងទៅលើទិន្នន័យ ជនបទរបស់យើង មានប្រជាជន ប្រមាណជា ១៨ភាគរយ ដែលរស់នៅ ក្រោមបន្ទាប់
ភាពក្រីក្រ ឬក៏ស្ថានភាព មានហានិភ័យ បើយើងគិតជាគ្រួសារ មានជាង១០ម៉ឺនគ្រួសារ ហើយក្នុងនោះ មានប្រហែលជា ១៩ .០០០ គ្រួសារដែល រងផលប៉ះពាល់។ ដូច្នេះយើង ត្រូវធ្វើអន្តរាគមន៍ ជួយស្បៀង ពូជស្រូវ ឬពូជដំណាំ នៅតាមទីកន្លែងដែលមានផលប៉ះពាល់ ។
សម្ដេចក៏បានអំពាវនាវឱ្យ មានការយកចិត្តទុកដាក់ តាមរយៈយន្តការក្រុមការងារ របស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន កាកបាទក្រហមកម្ពុជា និងសប្បុរសជន ដើម្បីជួយ ដល់បញ្ហាស្បៀង នៅតាមទីកន្លែង ដែលមានការខូចខាតធ្ងន់ធ្ងរ និងប្រជាជន ទីទ័លក្រ។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវ ផងដែរ ចំពោះធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្ដល់នូវការអនុគ្រោះ សម្រាប់អ្នកដែល រងគ្រោះ និងទទួលផលប៉ះពាល់ ពីគ្រោះមហន្តរាយដោយទឹកជំនន់ តាមរយៈ ការពន្យាពេលសម្រាប់ការសងប្រាក់ បន្ធូរបន្ថយការប្រាក់ ឬតាមរយៈ ការរៀបចំ ឥណទានឡើងវិញ។ សូមយោគយល់ ការលំបាករបស់ប្រជាពលរដ្ឋ។
សម្ដេចតេជោ ក៏បានស្នើឱ្យ ធានាគារជាតិនៃកម្ពុជា ធ្វើការប្រជុំជាមួយ ម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្ដល់ការអនុគ្រោះ ដើម្បីចូលរួមសម្រាលបន្ទុកនេះ៕

ប្រភព៖ក្រសួងព័ត៌មាន

adm

Leave a Reply

Your email address will not be published. Required fields are marked *