(ខេត្តស្វាយរៀង)
៖ បើតាមសមត្ថកិច្ចក្រុងស្វាយរៀងបានអោយដឹងថានៅម៉ោងប្រមាណជាង៨យប់ថ្ងៃទី១៦ខែសីហាឆ្នាំ២០២១មានគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តកុងតឺន័រពាក់ស្លាកលេខភ្នំពេញ 3C.0630 លេខកន្ទុយរឺម៉កភ្នំពេញ 4A.1592 បើកបរមកពីទិសខាងលិចមកទិសខាងកើត នៅលើដងផ្លូវជាតិលេខ ១លុះមកដល់ត្រង់ចំណុចខាងមុខមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង ស្ថិតក្នុងក្រុងស្វាយរៀង ក៏បានជ្រុលចង្កូតទៅបុករូបសំណាកនាគព័ន្ធ ដែលមានសរសេរពាក្យស្លោកថា ខេត្តស្វាយរៀងសូមស្វាគមន៍ បណ្ដាលឲ្យខ្ទេចខ្ទីទាំងស្រុង។
ទោះបីជាយ៉ាងណាក៏ដោយ លោក កែន រិទ្ធី អធិការក្រុងស្វាយរៀងបានបញ្ជាក់ថា៖ រថយន្តកុងតឺន័របង្កជារបស់ក្រុមហ៊ុន ស៊ីកូ តែមិនទាន់ ទទួលបាននូវព័ត៌មានលម្អិតនៅឡើយនោះទេ ដោយតៃកុងរថយន្តកុងតឺន័រ រត់បាត រហូតដល់ម៉ោង នេះ សកម្មភាព ទាញឡានកុងតឺន័រដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើក៏បានរួចរាល់ហើយដែលមកដល់វេលាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។
មានការលើកឡើងថា មូលហេតុនៃគ្រោះថ្នាក់ទំនងទី១មកពីទីកន្លែងនេះ មានសភាពងងឹត ទី២ បណ្ដាលមកពីអ្នកបើកបររថយន្តខាងលើមិនស្គាល់ភូមិសាស្ត្រច្បាស់ លាស់ ទី៣ សង្ស័យអ្នកបើករថយន្តធ្វេសប្រហែស ទី៤ សង្ស័យ អ្នកបើកបរ មានជាតិស្រវឹងក្នុងខ្លួន។
ចំណែកអ្នកបើកបររថយន្តបង្កខាងលើក្រោយពីបង្កហេតុរួចក៏បានដើរចោលរថយន្តដោយបន្សល់ទុករថយន្តបង្កហេតុនៅពីលើរូបសំណាកនាគព័ន្ធទុកឱ្យសមត្ថកិច្ចចាត់ចែង៕