ព័ត៌មានសន្តិសុខសង្គម

អុញនោះ!ក្រសួងសុខាភិបាល នឹងចុះត្រួតពិនិត្យ មន្ទីរសំរាកព្យាបាល សុខ ខេង ក្នុងស្រុកពារាំង បន្ទាប់ពីវះពោះវៀនដុះខ្នែងអ្នកជំងឺស្លាប់,,,

(ព្រៃវែង) ក្រសួងសុខាភិបាល នឹងចាត់មន្ត្រីជំនាញចុះទៅពិនិត្យ និងស្រាវជ្រាវ មន្ទីរសំរាកព្យាបាល សុខ ខេង ស្ថិតនៅមុខផ្សារស្នាយពល ភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។នេះបើយោងតាមការបញ្ជាក់ របស់លោកវេជ្ជបណ្ឌិត ហ៊ុន រិទ្ធ អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង។

ការចុះទៅត្រួតពិនិត្យ និងស្រាវជ្រាវនេះ ធ្វើឡើងបន្ទាប់ពី មន្ទីរសំរាកព្យាបាល សុខ ខេង ដែលមានលោកវិជ្ជបណ្ឌិត អ៊ុំ សារិទ្ធ ហៅ ពេទ្យស្រឺ ជាម្ចាស់ បានវះកាត់ជំងឺពោះវៀនដុះខ្នែង របស់បុរសម្នាក់បណ្ដាលឲ្យស្លាប់។

លោកវិជ្ជបណ្ឌិត ហ៊ុន រិទ្ធ បានថ្លែងប្រាប់ សាព័ត៌រមាន នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថាក្រោយទទួលព័ត៌មានពីការវះកាត់បណ្ដាលឲ្យអ្នកជំងឺស្លាប់តាមរយៈសារព័ត៌មាន លោកបានចុះទៅត្រួតពិនិត្យ និងស្រាវជ្រាវ។ ជាលទ្ធផល រកឃើញថា លោកវិជ្ជបណ្ឌិត អ៊ុំ សារិទ្ធ ហៅពេទ្យស្រឺ បានវះកាត់តាមបច្ចេកទេសត្រឹមត្រូវ ប៉ុន្ដែមានកំហុសដោយសារតែមិនបានទំនាក់ទំនងនិងផ្ដល់ឯកសារពីការវះកាត់ ទៅមន្ទីរពេទ្យកាល់ម៉ែត្រ ឲ្យដឹងពីស្ថានភាពជំងឺរបស់ជនរងគ្រោះ។

លោកវិជ្ជបណ្ឌិត ហ៊ុន រិទ្ធ ដែលជាមន្ត្រីទទួលបន្ទុកគ្រប់គ្រងសេវាឯកជន បានបញ្ជាក់ថា៖«ខ្ញុំបានចុះទៅពិនិត្យ នៅមន្ទីរសំរាកព្យាបាល សុខ ខេង ហើយកាលពីម្សិលមិញ និងកំពុងរៀបចំរបាយការណ៍បញ្ជូនទៅក្រសួង។ នៅសប្ដាហ៍ក្រោយក្រសួងនឹងចុះទៅពិនិត្យម្ដងទៀត បើរកឃើញថាមានកំហុសមែននឹងបិទជាបណ្ដោះអាសន្ន ប៉ុន្តែបើរកមិនឃើញកំហុសទេ នឹងអនុញ្ញាតឲ្យដំណើរការដូចដើម។»

សូមជម្រាបជូនថា មន្ទីរសម្រាកព្យាបាល សុខ ខេង ស្ថិតនៅមុខផ្សារស្នាយពល ភូមិស្នាយពលឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ដែលធ្លាប់មានរឿងអាស្រូវជាច្រើនដងនោះ បានវះកាត់ពោះវៀនដុះខ្នែងជនរងគ្រោះម្នាក់ឈ្មោះ ជាម ថុល ភេទប្រុសរស់ភូមិកណ្ដាល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ជនរងគ្រោះ ត្រូវគេរាយការណ៍ថា បានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត្រ កាលពីវេលាម៉ោង ០១ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រភពពីគ្រួសារសព បានឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ជនរងគ្រោះ មានអាការៈចុកពោះ ត្រូវសាច់ញាតិនាំយកទៅព្យាបាលនៅ មន្ទីរសម្រាកព្យាបាល សុខ ខេង ដែលមានលោកវិជ្ជបណ្ឌិត អ៊ុំ សារិទ្ធ ហៅ ពេទ្យស្រឺ ជាម្ចាស់។

គ្រូពេទ្យនៃ មន្ទីរសម្រាកព្យាបាល សុខ ខេង បានពិនិត្យ និងប្រាប់ថា ជនរងគ្រោះ ត្រូវវះពោះវៀនដុះខ្នែងទើបបាត់ចុក នៅពេលនោះ សាច់ញាតិបានព្រមឲ្យព្យាបាល។

នៅពេលវះរួច ស្រាប់តែជនរងគ្រោះ មានអាការៈកាន់ធ្ងន់ធ្ងរទៅៗ បែកពោះវៀនធំ និងបែកលាមកពេញពោះ ត្រូវគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត្រ ប៉ុន្តែជួយមិនទាន់ក៏ដាច់ខ្យល់ស្លាប់តែម្ដង។

ជុំវិញករណីខាងលើនេះ លោកវិជ្ជបណ្ឌិត អ៊ុំ សារិទ្ធ ម្ចាស់មន្ទីរសម្រាកព្យាបាល សុខ ខេង បានប្រាប់អ្នកកាសែតក្នុងស្រុកថា អ្នកជំងឺខាងលើ ពិតជាបានចូលព្យាបាលនៅគ្លីនិក របស់លោកកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ប្រាកដមែន។

លោក អ៊ុំ សារិទ្ធ បញ្ជាក់ថា នៅពេលវះកាត់នោះ គឺអ្នកជំងឺបានផ្ទុះពោះវៀនធំ ហើយលោកបានដេរចងផងដែរ ប៉ុន្តែពោះវៀនបានផ្ទុះកន្លែងផ្សេងទៀត ចេញលាមក មកក្នុងពោះបង្កជាបញ្ហា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *