ព័ត៌មានសន្តិសុខសង្គម

ល្បីទៀតហើយ!មន្ត្រីនគរបាលប៉ុស្តិ៍ឃុំព្រះស្រែម្នាក់ យកកាំភ្លើង AK បាញ់ប៉ងសម្លាប់ប្រជាការពារក្នុងជម្លោះវង់ផឹកស៊ី នៅស្រុកឧដុង្គ,,,

(ខេត្ដកំពង់ស្ពឺ)៖ បើយោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋ

បានឲ្យដឹងថា មានករណី ប៉ុនប៉ងឃាតកម្ម មួយបានកើតឡើងកាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ប្រភពបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ឱម ពេជ្រពិដោ មានឋានន្តរស័ក្តិ អនុសេនីយ៍ឯក (ស័ក្តិ ៣) ជាមន្ត្រីនគរបាលរដ្ឋបាលឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ចំណែកជនរងគ្រោះមានឈ្មោះ អ៊ី សុផល ភេទប្រុស មានមុខរបរ ប្រជាការពារភូមិ។

ជនសង្ស័យ និងជនរងគ្រោះ រស់នៅភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជាមួយគ្នា។

នៅមុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ ព្រមទាំងកម្លាំងប្រជាការពារដទៃទៀត បានផឹកស៊ីជាមួយគ្នា។

លុះដល់ម៉ោងប្រហែល ៨យប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ជនសង្ស័យ បាននិយាយទៅកាន់ ជនរងគ្រោះ និងកម្លាំងប្រជាការពារដទៃទៀតថា៖ «ពួកប្រជាការពារ មិចមិនដើរល្បាតជាមួយអញ? មិចទៅដើរជាមួយប៉ូលីសផ្សេង?»

ពេលនោះ ជនរងគ្រោះ អ៊ី សុផល បានតបវិញថា៖«ពួកខ្ញុំដើរតាមបទបញ្ជារបស់មេប៉ុស្តិ៍ បើមេប៉ុស្តិ៍ឲ្យទៅជាមួយអ្នកណា ខ្ញុំទៅជាមួយអ្នកនោះ។»

ស្រាប់តែជនសង្ស័យខឹងសម្បាយ៉ាងខ្លាំង និងស្រែកថា៖«អញទៅយកកាំភ្លើងបាញ់ ឯង (ជនរងគ្រោះ) ចោលមួយមើល។»

និយាយរួចជនសង្ស័យក៏ជិះម៉ូតូចេញទៅមួយភ្លែត ស្រាប់តែ ស្ពាយកាំភ្លើង AK (បើកសោរ និងអាម៉េបញ្ចូលគ្រាប់ហើយស្រេច) ទៅភ្ជង់ បម្រុងបាញ់សម្លាប់ជនរងគ្រោះមែន ប៉ុន្តែដោយមានកម្លាំងប្រជាការពារនៅកន្លែងកើតហេតុ ជួយជ្រោងកាំភ្លើងឡើងលើទាន់ ទើបបាញ់ខុសជនរងគ្រោះ ចំនួន ១គ្រាប់ និងត្រូវប្រជាការពារម្នាក់ កាច់យកបង់កាំភ្លើងចេញ និងដណ្តើមកាំភ្លើងបានទើបមិនបណ្ដាលឲ្យមានអ្នកណារងរបួស ឬស្លាប់ នៅក្នុងពេលកើតហេតុ។

ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីសាកសួរ និងចាត់ការតាមផ្លូវច្បាប់។

ជុំវិញករណី មន្ត្រីនគរបាលបាល ផឹកស្រវឹង និងយកកាំភ្លើង AK បាញ់រាស្ត្រ ប៉ងសម្លាប់នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សម សាមួន ស្នងនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកយ៉ាងខ្លីថា៖«កំពុងចាត់ការ។»

ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារ សំណូមពរឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការខេត្តកំពង់ស្ពឺ មេត្តាចាត់ការលើមន្ត្រីនគរបាលរូបនេះ យ៉ាងតឹងរឹងទៅតាមច្បាប់ ព្រោះ អំពើប៉ុនប៉ងឃាតកម្មលើប្រជាពលរដ្ឋដែលគ្មានកំហុស និងព្រោះតែស្រវឹងស្រារបស់ជនសង្ស័យ គឺពុំគួរណាយកទៅត្រឹមដាក់ពិន័យកងកម្លាំងនោះទេ បើមិនដូច្នេះទេ កម្លាំងប្រជាការពាររូបណាហ៊ាន ចូលរួមធ្វើការជាមួយរាជរដ្ឋាភិបាលបន្តទៅទៀត បើមន្ត្រីប៉ុស្តិ៍ខឹងតិចតួច អាងយកកាំភ្លើងបាញ់សម្លាប់ពួកគាត់ និងគ្មានទោសនោះ។

ម្យ៉ាងទៀត ប្រជាពលរដ្ឋ ស្នើឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការខេត្តកំពង់ស្ពឺ មេត្តបើកការស៊ើបអង្កេតជាបន្ទាន់ចំពោះការធ្វេសប្រហែស និងប្រគល់កាំភ្លើងឲ្យមន្ត្រីស្រវឹងស្រា យកទៅដើរបាញ់បោះសេរី ពីសំណាក់នាយមេប៉ុស្តិ៍ឃុំព្រះស្រែ ឈ្មោះ ស៊ុន ភុនណ្ណា ហៅ កឺ ផង ពីព្រោះបើគ្មានការអនុញ្ញាតិពី នាយប៉ុស្តិ៍ទេ តើមន្ត្រីឈ្មោះ ឱម ពេជ្រពិដោ (ជនសង្ស័យ) អាចយកកាំភ្លើងនោះទៅដើរបាញ់ប្រជាជនបានដោយរបៀបណា?៕M1

adm

Leave a Reply

Your email address will not be published. Required fields are marked *