ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួន​ជនសង្ស័យ ក្រោយ​កា​.​ប់​យុវជន​ម្នាក់​របួសធ្ងន់ ក្នុង​វិធី​មង្គលការ​មួយ​នៅ​ខេត្តពោធិ៍សាត់.!

ខេត្តពោធិ៍សាត់ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​លោ កាលពី​វេលា​ម៉ោង​១១​និង​១៧​នាទី​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២៣ ទទួល​បាន​សេចក្តីរាយការណ៍​តាម​រយៈ​ទូរ​សព្ទ​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា ដោយ​ក្រុម​ក្មេង​ទំនើង បាន​យក​កាំបិត​ផ្គាក់ កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ជន ដា​លី​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ទួល​ថ្ម​ឃុំ​តា​លោ បណ្ដាល​ឲ្យ​រង​របួស​ដៃ​ឆ្វេង នៅ​កម្មវិធី​មង្គលការ​មួយ ក្នុងភូមិ​តា​លោ ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន លោក​វរសេនីយ៍ឯក អ៊ុ​ល ហៃ អធិការ​នគរបាល​ស្រុក​តា​កោ​សែន​ជ័យ បាន​បញ្ជា​ឲ្យ​នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​លោ ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​លោ ចំនួន​០៣​នាក់ បាន​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ចំនួន​០៣​នាក់ ចុះ​ទៅ​ដល់​ផ្ទះ​ជនសង្ស័យ​ឈ្មោះ ដា វ៉ា​ត់ ហៅ​វ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ទួល​ថ្ម ឃុំ​តា​លោ ហើយ​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ និង​ដកហូត​មាន​ដាវ​កែ​ច្នៃ​(​ចុង​ស្រួច​ដង​ដែក​) ចំនួន​០១​ដើម ប្រវែង​៧៦​ស​.​ម ។ ចំពោះ​វត្ថុ​តាង និង​ជនសង្ស័យ​ត្រូវ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ ដើម្បី​សួរនាំ​បន្ត ។

បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​សួរនាំ​តាម​ជំនាញ ជនសង្ស័យ ក៏​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​មាន​បក្ខពួក​ចំនួន​០៤​នាក់ ដែល​បាន​ណាត់គ្នា ធ្វើ​សកម្មភាព​កា​.​ប់​ទៅ​លើ​ឈ្មោះ ជន ដា​លី​ន នៅ​នឹង​កន្លែង​មង្គលការ កាលពី​យប់​ថ្ងៃ​ទី​០៤ ខែ​មកា ឆ្នាំ​២០២៣ ពិតប្រាកដ​មែន ។ ជនសង្ស័យ បន្ត​ថា មូលហេតុ មាន​ទំនាស់​ពាក្យ​សម្ដី​នឹង​គ្នា ទើប​ក្រុម​ខ្លួន បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ ក៏​ធ្វើ​សកម្មភាព​យក​កាំបិត​ផ្គាក់ កាប់​ទៅ​លើ​ឈ្មោះ ដា​លី​ន ត្រូវ​ចំ​ដៃ​ខាងឆ្វេង បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។ ក្រោយមក បក្ខពួក​ខ្លួន​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ពី​កន្លែង​កើតហេតុ ។

ជនសង្ស័យ ក៏​បាន​សារភាព​បន្ថែម​ថា បក្ខពួក​ខ្លួន កន្លង​មក​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ និង​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ជំនាញ ស្នើ​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ដើម្បី​សុំ​គោលការណ៍​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន និង​កសាង​សំណុំរឿង​បន្ត​តាម​នីតិវិធី ។ ចំណែកឯ ជនសង្ស័យ ០៣​នាក់​ផ្សេង​ទៀត កម្លាំង​សមត្ថកិច្ច កំពុង​តែ​តាម​ស្វែងរក​ចាប់​ឃាត់ខ្លួន​ផង​ដែរ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *