(ខេត្តតាកែវ)៖ ក្មេងស្រី ២នាក់បានរងរបួស ដោយសារបុរសម្នាក់បើកបរទាំងងងុយដេក រេចង្កូតបុករះតូបលក់ឥវ៉ាន់ពលរដ្ឋ កាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៩-១០ ក្នុងភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ខេត្ដតាកែវ ។
លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកលុចស៊ីស RX300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-5301 បើកបរដោយឈ្មោះ ប៊ុន វុទ្ធី ភេទប្រុស អាយុ ៤៧ឆ្នាំ មានមុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។ មុនពេលកើតហេតុបុរសខាងលើបានបើកបរមកពីទិសខាងលិច លុះមកដល់ចំណុចកើតហេតុ ក៏បានវេរចង្កូតទៅបុករោងលក់អីវ៉ាន់ចាប់ហ៊ួយ ដែលលក់នៅតាមដងផ្លូវបណ្តាលអោយរងរបួសក្មេងស្រី ២នាក់ ដែលអង្គុយនៅក្នុងរោងលក់ខាងមុខផ្ទះ រស់នៅភូមិឃុំកើតហេតុខាងលើ និងបណ្តាលអោយខូចខាតអីវ៉ាន់ចាប់ហ៊ួយច្រើន។
ក្រោយកើតហេតុក្មេងស្រីទាំង ២នាក់ត្រូវបានយកទៅសង្ក្រោះនៅមន្ទីរពេទ្យបង្អែកអង្គរកា ឯរថយន្ត និងជនបង្កកម្លាំងជំនាញយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជាងទង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ហើយចំពោះមូលហេតុបង្កគ្រោះថ្នាក់នេះ គឺបណ្ដាលមកពីអ្នកបើករថយន្តងងុយដេក៕