ព័ត៌មានជាតិ

ស្ថានទូតអាមេរិក ប្រចាំកម្ពុជា គាំទ្រកុងសង់ស៊ីសទាំង៥ របស់អាស៊ាន សម្រាប់ប្រទេសមីយ៉ាន់ម៉ា

(ភ្នំពេញ) អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Chad Roedemeier បានបញ្ជាក់ថា ស្ថានទូតបានតាមដានចំពោះដំណើរទស្សនកិច្ច របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ ២០២២ កន្លងទៅ។ ទោះបីជាលោកមិនបានឆ្លើយថា គាំទ្រ ឬជំទាស់នឹងទស្សនកិច្ចនេះក្ដី តែអ្នកនាំពាក្យរូបនេះថា អាមេរិកជំរុញឱ្យកម្ពុជាប្រើប្រាស់នាមប្រធានអាស៊ានរបស់ខ្លួនធ្វើយ៉ាងណាធានាដល់ការអនុវត្តន៍គោលការណ៍កុងសង់ស៊ីស៥ចំណុចរបស់អាស៊ាន សម្រាប់ប្រទេសមីយ៉ាន់ម៉ា និងធានាដល់ដំណើរទស្សនកិច្ចរបស់របស់ប្រសិតពិសេសអាស៊ានអាចបានទៅជួបគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងប្រទេសមីយ៉ាន់ម៉ា។

លោក Chad Roedemeier បានលើកឡើងថា «យើងគាំទ្រកូសង់ស៊ីសប្រាំចំណុចរបស់អាស៊ាន ហើយជំរុញឱ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ បន្តជំរុញឱ្យមានការអនុវត្តន៍នូវចំណុចទាំងប្រាំ និងដើម្បីធានាថា ដំណើរទស្សនកិច្ចណាមួយរបស់ប្រេសិតពិសេសអាស៊ាននឹងមានការជួបជាមួយគ្រប់ភាគីពាក់ព័ន្ធ។ យើងសូមរំលឹកឡើងវិញនូវការអំពាវនាវរបស់យើងដល់របបយោធាភូមាឱ្យបញ្ចប់ការប្រើប្រាស់អំពើហិង្សាដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌ទាំងអស់ និងចូលរួមក្នុងការសន្ទនាក្នុងន័យស្ថាបនាជាមួយគ្រប់ភាគីដែលគោរពឆន្ទៈរបស់ប្រជាជនភូមា»។

កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា មានដូចជាតម្រូវឱ្យបញ្ឈប់នូវអំពើហិង្សា បង្កើតនូវការសន្ទនាគ្រប់ភាគី ទទួលយកការសម្របសម្រួលរបស់បេសកជនពិសេសអាស៊ាន ការផ្ដល់ជំនួយមនុស្សធម៌ និងអនុញ្ញាតឱ្យបេសជនពិសេសទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

គួររំលឹកផងដែរថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករាកន្លងទៅដើម្បីជួយស្វែងរកដំណោះស្រាយនៃជម្លោះមីយ៉ាន់ម៉ា ក៏ដូចជានាំប្រទេសនេះចូលក្នុងអាស៊ានវិញផងដែរ។

ក្រោយដំណើរទស្សនកិច្ចនេះ មហាអំណាចចិន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងដោយថាកម្ពុជាបានដើរតួនាទីយ៉ាងសកម្ម និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រងការខ្វែងគំនិតគ្នារវាងភាគីនៃប្រទេសមីយ៉ាន់ម៉ា តាមរយៈការសន្ទនានយោបាយ និងការស្តារស្ថិរភាព និងការសម្រេចបាននូវការអភិវឌ្ឍន៍នៅដំណាក់កាលដំបូង៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *