ព័ត៌មានជាតិ

ឯកឧត្ដម អ៊ុន ចាន់ដា អញ្ជើញបើកការដ្ឋានផ្លូវក្រាលកៅស៊ូ DBST ប្រវែងជិត៣០គីឡូម៉ែត្រ នៅស្រុកកងមាស

(ខេត្ដកំពង់ចាម)​៖ ក្នុងឱកាសបេីក​ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ១ខ្សែ​ ប្រវែង ២៧.៦០០ម៉ែត្រ ចាប់ពីចំណុចភូមិបឹងត្រាវ ឃុំសូរគង ឆ្លងកាត់ឃុំរាយប៉ា

យ ឆ្ពោះទៅដល់ស្ពានអន្លង់គគីរ ឃុំព្រែកកុយ ស្រុកកងមាស​ នាព្រឹក​ថ្ងៃទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២១​នេះ​ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា គម្រោងផ្លូវ ១ខ្សែនេះ គ្រោងចំណាយថវិកាស្ថាបនាក្នុងរង្វង់ប្រមាណជាង ៣លានដុល្លារអាមេរិក ហើយរំពឹងថា វានឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ទៅដល់ប្រជាពលរដ្ឋ​ ចំណេញទាំងពេលវេលាក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ពី​តំបន់​មួយ ទៅ​តំបន់​មួយ ដែលជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍមូលដ្ឋាន ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រ របស់ប្រមុខរាជរដ្ឋាភិបាល គឺ ៖ ផ្លូវ ទឹក ភ្លើង និងមនុស្ស ។

ក្រៅពីនោះ សមិទ្ធផលនេះ វាក៏បានចូលរួមចំណែកយ៉ាងសំខាន់ ដោយបានប្រែក្លាយស្រុកទេស ក៏ដូចជា មូលដ្ឋានសហគមន៍ ឲ្យមានសោភណ្ឌភាពល្អ ជាពិសេស បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ស្រុកកងមាស​ រស់នៅប្រកបដោយផាសុខភាព និងធ្វើឲ្យកម្រិតជីវភាពគ្រួសារ កាន់តែប្រសើរឡើង ថែមមួយកម្រិតផងដែរ ។

ឯកឧត្ដម អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្រៅពីនោះគម្រោងនេះ ក៏ស្ថិតនៅក្រោមការខិតខំប្រឹងប្រែង ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងមូលដ្ឋាន ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ដើម្បីបំពេញសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ ដែលបានទន្ទឹងជាយូរឆ្នាំមកហើយ ។

ជាមួយគ្នា​នោះ​ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បាន​អំពាវនាវដល់ប្រជាពលរដ្ឋទ ឲ្យយកចិត្តទុកដាក់ថែទាំសុខភាព តាមរយៈ ការអនុវត្តនូវវិធានការសុខាភិបាល «៣ការពារ ៣កុំ» និងចូលរួមទៅទទួលយកវ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ ឲ្យបានគ្រប់ៗគ្នា ខណៈពេលនៅតាមបណ្ដាក្រុង/ស្រុកនីមួយៗ នៃខេត្តកំពង់ចាម កំពុងដំណើរការ ចាក់ជូនប្រជាពលរដ្ឋយើង ដោយឥតគិតថ្លៃ ដែលជាការចូលរួមចំណែកទាំងអស់គ្នា ដើម្បី បញ្ជៀសកុំឲ្យជម្ងឺកូវីដ ១៩ ឆ្លងចូលខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍យើង ផងដែរ​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *