(ខេត្ដស្វាយរៀង)៖ កិច្ចប្រតិបត្តិការបង្ក្រាបទីតាំងលួចលាក់កែច្នៃគ្រឿងញៀននិងស្តុកទុកដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងស្វាយរៀងចំនួន ០២ ទីតាំង រឹបអូសបានគ្រឿងញៀន សារធាតុគីមីផ្សំ និងឧបករណ៍ សម្ភារសម្រាប់កែច្នៃគ្រឿងញៀន មួយចំនួនធំ ។
ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងក្រោមការសម្របសម្រូលពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា, លោក ដូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដោយមានកិច្ចសហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន(ការិយាល័យក១) នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបើកប្រតិបត្តិការបង្ក្រាបទីតាំងទីតាំងលូចលាក់កែឆ្នៃ និងទីតាំងស្តុកទុកគ្រឿងញៀនចំនួន០២ទីតាំងនៅក្រុងស្វាយរៀង។
ដោយទីតាំងទី១៖ នៅវេលាម៉ោង០០និង៥០នាទីថ្ងៃទី០៥ កក្កដា ២០២២ត្រង់ចំណុច ឃ្លាំងម៉ាសុីនកិនស្រូវ ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង។
ក្នុងនោះឃាត់ខ្លួនជនសង្ស័យ ជនជាតិចិនចំនួន០៦នាក់ ប្រុស ស្ត្រីជនជាតិខ្មែរ០១នាក់និងរឹបអូសវត្ថុតាងថ្នាំញៀនប្រភេទកេតាមីន ចំនួន ៤៨បាវ (ច្រកក្នុងទៃពណ៌លឿង) ទម្ងន់សរុប ១,១៤៨.៩៥២ គីឡូក្រាម ដែលជនសង្ស័យលាក់ទុកនៅក្នុងរោងម៉ាសុីនកិនស្រូវ រួមជាមួយនិងរថយន្តចំនួន០៣គ្រឿង។
ទីតាំងទី២៖ ក្រោយពីសាកសួរជនសង្ស័យខាងលើ នៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចយើង បានបន្តស្រាវជ្រាវ និងបង្ក្រាបទីតាំងលួចលាក់កែច្នៃគ្រឿងញៀន ចំនួន ០១ទីតាំង បន្ថែមទៀត នៅចំណុចផ្លូវបេតុង (ផែអូស្មាច់) ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ជា ជនជាតិចិន ហើយបាន រឹបអូសវត្ថុតាង រួមមាន៖
– ល្បាយកេតាមីនបាស ទម្ងន់ ៦៧៩គីឡូក្រាម
– សារធាតុគីមីទម្ងន់ ១២,៥០៤គីឡូក្រាម ( ១២តោន ៥០៤គីឡូក្រាម)
– ឧបករណ៍សម្ភារសម្រាប់បំរើអោយការលួចលាក់កែច្នៃគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នទីតាំងឃ្លាំងទាំង២ខាងលើត្រូវបានគណះកម្មការចំរុះបិទសុីលនិងដាក់កម្លាំងសមត្ថកិច្ចការពារយ៉ាងតឹងរឹងបំផុត។
ចំណែកឯជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការបន្តតាមច្បាប់៕