(ភ្នំពេញ)៖ ដូចពាក្យចាស់លោកពោលថាមែន ត្រីងាតឆ្លៀតពង ខណៈអាជ្ញាធរមានសមត្ថកិច្ចកំពុងរវល់រឿងឃោសនាការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខនេះ ម្ចាស់ហាងកាហ្វេឈ្មោះ ចាន់ ដែរមានទីតាំងស្ថិតនៅ ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានលួចបេីកល្បែងស៊ីសងមាន់ជល់តាមទូរទស្សន៍ ពង្វក់អ្នកភូមិឲ្យភ្លេចបាយ ភ្លេចទឹក ភ្នាល់លុយរាប់សិបលានក្នុងមួយថ្ងៃៗ ដោយសង្ស័យថាអាងនៅក្បែរផ្ទះ លោក ហាក់ គួយ ចៅសង្កាត់ពងទឹក។
បេីយោងតាមប្រភពច្បាស់ការណ៍មួយឲ្យដឹងថា ចំពោះល្បែងស៊ីសងប្រភេទមាន់ជល់តាមទូរទស្សន៍នេះមិនមែន មានតែនៅកន្លែងហាងកាហ្វេម្ចាស់ឈ្មោះ ចាន់ នេះតែមួយទេនៅមានមួយទីតាំងទៀតដែរនៅក្បែរនោះដែរដោយបងប្អូនលោក ហាក់ គួយ ចៅសង្កាត់ពងទឹកជាអ្នកបេីក
តែម្ដង ។
ពលរដ្ឋដែលរស់នៅទីនោះដាក់ការសង្ស័យថា ប្រហែលលោក ហាក់ គួយ ចៅសង្កាត់ពងទឹកត្រូវសន្ដំគេហើយមេីលទៅ បានជាមេីលមិនឃេីញកន្លែងបេីកល្បែងស៊ីសងដែរនៅក្បែរផ្ទះលោកបែបនេះ ពិសេសសូម្បីតែសម្ថកិច្ចក៏មិនហ៊ានទៅក្បែរផង។
ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងទាំងអស់នោះ សំណូមពរដល់លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និងលោក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ គួរមានវិធានការចំពោះទីតាំងល្បែងស៉ីសងខាងលេីនេះផង។
សូមបញ្ជាក់ថា កន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់។
ចំណែក សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័ត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿងញៀន ។ល។ ព្រោះថាបញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព» ទាំង៧ចំណុចដែលបានដាក់ចេញ៕