(សៀមរាប)៖ បើទោះបីជា មានការរិៈគន់ខ្លាំងខ្លា ពាក់ព័ន្ធឈ្មួញខ្នាតធំ យកដីសាធារណៈរបស់រដ្ឋ មកធ្វើអាជីវកម្ម។
ដោយដាក់គ្រឿងចក្រ ជាច្រើនគ្រឿង ដើម្បីជីកយកអាចម៍ដីលក់ បណ្ដាលឱ្យ រណ្ដៅដីជ្រៅជិតដល់ក្បាល ប្រេតយ៉ាងណាក្ដី!។
ប៉ុន្តែអាជ្ញាធរ រួមនិងមន្ត្រីជំនាញខេត្តសៀមរាប គ្មានវិធានការទប់ស្កាត់ ឬហាមឃាត់នោះឡើយ។
លើសជាងនេះទៅទៀត ពេលអ្នកសារព័ត៌មាន សុំការបកស្រាយ បែរជាមន្ត្រីពាក់ព័ន្ធ គេចវេះមិនបំភ្លឺឬឆ្លើយតប ចំពោះការរិៈគន់ទាល់តែសោះ។
សូមជម្រាបថាៈ ដីសាធារណៈរបស់រដ្ឋ ដែលឈ្មួញ កំពុងយកមកធ្វើអាជីវកម្មនោះ ស្ថិតនៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។
បច្ចុប្បន្នៈដីនេះ បានក្លាយទៅជាស្ថានភាពក្រហេងក្រហូង ជ្រៅរាក់ៗដែលមានជម្រៅ ចាប់ពី២០ម៉ែត្រ ទៅ៤០ម៉ែត្រ និងមានទំហំប្រមាណជា០៦ហិកតា! ។
ជុំវិញករណីនេះ ពលរដ្ឋបានសម្ដែង ការព្រួយបារម្ភជាខ្លាំង ចំពោះសុវត្ថិភាពកូនចៅពួកគាត់ រួមនិងសត្វពាហនៈផ្សេងៗ។
ដោយខ្លាចជ្រុលខ្លួនដើរធ្លាក់ចូល រណ្ដៅដីខ្នាតយក្សត្រង់ចំណុចខាងលើ គឺមិនរស់ឡើយ ខណៈរណ្ដៅដីមួយនេះ ធំហើយជ្រៅទៀត!។
ជាមួយគ្នានោះ អ្នកមានដីស្រែ នៅក្បែរៗរណ្ដៅ រិតតែព្រួយបារម្ភថែមមួយកម្រិតទៀត។
ព្រោះពេលមេឃភ្លៀង ប្រឈមនិងហូរច្រោះបាក់ដី បូបទឹកដាក់ស្រូវ មិននៅ ដោយជ្រាបចូលរណ្ដៅ។
សេចក្ដីរាយការណ៍បានឱ្យដឹងថាៈ ម្ចាស់អាជីវកម្មរណ្ដៅដីរដ្ឋខាងលើ គឺអ្នកស្រី អេង សុខហ្គិច ជាមនុស្សមានឥទ្ធិពលខ្លាំង ក្នុងខេត្តសៀមរាប!។
បើតាមពលរដ្ឋ នៅសង្កាត់ស្រង៉ែ រណ្ដៅដីខ្នាតយក្សមួយនេះ គេធ្វើអាជីវកម្ម ជាយូមកហើយ មិនមែនទើបនិងជីកនោះទេ!។
ដោយឈ្មួញដាក់គ្រឿងចក្រ ជាច្រើនគ្រឿង ដើម្បីជីកយកអាចម៍ដី និងប្រើរថយន្តបែន រាប់សិបគ្រឿង ជាមធ្យោបាយសម្រាប់ ដឹកអាចម៍ដីលក់..!។
ក្នុងនោះ ក្រុមរថយន្តបែនដឹកដី ពុំបានគ្របឱ្យត្រូវតាមស្តង់ដារលក្ខណៈបច្ចេកទេសនោះឡើយ!។
បណ្ដាលឱ្យអាចម៍ដីជ្រុះ រប៉ាត់រប៉ាយ តាមដងផ្លូវ បង្កជាធូលីហុយទ្រលោមរំខាន ដល់ការរស់នៅរបស់ពលរដ្ឋ។
ជាងនេះទៅទៀត តៃកុងរថយន្តដឹកដីខ្លះបើកបរលឿនៗ ប្រសេកប្រសាចជែងគ្នា ដោយសំឡេងឮៗ បង្កការភ័យខ្លាច ក្រែងជួបគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ! ។
ពាក់ព័ន្ធៈបញ្ហាខាងលើថ្មីៗនេះ«សារព័ត៌មាន»ក៏ដូចជាសារព័ត៌មានមួយចំនួនទៀត បានធ្វើការផ្សព្វផ្សាយរិៈគន់ព្រោងព្រាត..!។
ប៉ុន្តែអាជ្ញាធរ រួមនិងមន្ត្រីជំនាញខេត្តសៀមរាប គ្មានវិធានការទប់ស្កាត់ ឬហាមឃាត់ ចំពោះសកម្មភាពទាំងនោះឡើយ។
ផ្ទុយទៅវិញៈ មន្ត្រីជំនាញ បែរជាបើកភ្លើងខៀវបង្កលក្ខណៈងាយស្រួល ដល់ឈ្មួញ ក្នុងការយកដីរដ្ឋ មកធ្វើអាជីវកម្ម បម្រើប្រយោជន៍បុគ្គល ដោយមិនខ្វល់ពីផលប៉ះពាល់ទាល់តែសោះ..!។
ក្នុងនោះដែរ នៅរសៀលថ្ងៃទី២១.០២.២០២៣«សារព័ត៌មាន»បានព្យាយាមសុំការបកស្រាយ ពីលោក ញិល ថុង ចៅសង្កាត់ស្រង៉ែ ប៉ុន្តែលោក បដិសេធមិនបកស្រាយឡើយ ដោយថាៈ លោកមានជំងឺកំពុងព្យាបាលនៅមន្ទីរពេទ្យ។
រីឯលោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តសៀមរាប ក៏មិនអាចសុំការបកស្រាយបានដែរ ព្រោះទូរស័ព្ទចូលហើយគ្មានអ្នកទទួល។
កាលពីកន្លងទៅលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានលើកឡើងថាៈ បើគេជីក គឺគេមានច្បាប់ហើយ ប៉ុន្តែលោកមិនច្បាស់ទេ ដោយរុញឱ្យទៅសួរ មន្ទីររ៉ែនិងថាមពល ជំនួស។
ខណៈលោក ឡេង លាត ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តសៀមរាប មិនមានការបកស្រាយឡើយ ព្រោះទូរស័ព្ទចូលច្រើនជាដង លោកមិនទទួល។
ទន្ទឹមនិងនោះ«សារព័ត៌មាន»ក៏បានព្យាយាម សុំការបកស្រាយពីអ្នកស្រី អេង សុខហ្គិច ម្ចាស់អាជីវកម្មរណ្ដៅដីខាងលើ ប៉ុន្តែទូរស័ព្ទចូលហើយ និយាយបានតែ១ម៉ាត់ អ្នកស្រីចុចបិទតែម្ដង។
ករណីនេះមហាជន បានរិៈគន់និងហួសចិត្តថាៈ ដីសាធារណៈរបស់រដ្ឋ គួរតែទុកប្រើប្រាស់ជាប្រយោជន៍រួម ដូចជាៈ ជីកយកមកចាក់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ទើបជារឿងត្រឹមត្រូវ…!។
ប៉ុន្តែផ្ទុយទៅវិញៈ ដើម្បីបំពេញមហិច្ចតាឈ្មួញ ក្នុងការយកអាចម៍ មកផ្គត់ផ្គង់ទីផ្សារ ដីឡូត៍ផ្ទះល្វែង។
បែរជាអាជ្ញាធរ និងមន្ត្រីជំនាញខេត្តសៀមរាប អនុញ្ញាតឱ្យឈ្មួញជីកដីរដ្ឋ យ៉ាងអនាធិបតេយ្យ បណ្ដាលឱ្យរណ្ដៅដីជ្រៅ ជិតដល់ក្បាលប្រេតដោយពុំមានការទប់ស្កាត់៕រូបភាពនិងអត្ថបទ(ដើមរាំង)