(ខេត្តស្វាយរៀង )៖ កាលពីថ្ងៃសុក្រ.សៅរ៍ ៥.៦រោច ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នៅភូមិពោធិ៍ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង វត្តល្ងើន បានរៀបចំពិធីបុណ្យផ្កាប្រាក់សាមគ្គី ដែលផ្តួចផ្តើមឡើងដោយឯកឧត្ដម លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយដើម្បីប្រមូលបច្ច័យកសាងស្រះទឹកនិងសមិទ្ធផលផ្សេងៗក្នុងវត្តល្ងើន។
ព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តស្វាយរៀង បានមានសង្ឃដេការថា បុណ្យផ្កាដែលធ្វើដោយមានផ្កាជាសក្ការៈនោះមានពីរបែបគឺ៖
ទី១- បុណ្យផ្ការុក្ខជាតិ និងផ្កាវារីជាតិ គឺគេបេះតែផ្កាឈើ និងផ្កាឈូកថ្វាយព្រះពុទ្ធរូប។
ទី២- បុណ្យផ្កាប្រាក់ គឺគេសន្មតប្រាក់ថាជាផ្កាបវារណាចំពោះព្រះដើម្បីសាងថាវរវត្ថុអ្វីមួយ។
ប្រទេសកម្ពុជាយើង សម័យបុរាណពុទ្ធបរិស័ទទាំងឡាយទាំងព្រះរាជាទាំងប្រជារាស្ត្រ ទ្រង់តែងតែប្រារព្ធធ្វើបុណ្យរុក្ខជាតិ និងផ្កាវារីជាតិដោយយកផ្កាចងក្រងហើយ ហែយកទៅថ្វាយព្រះពុទ្ធនៅព្រះវិហារវត្តណាមួយដែលនៅជិត។ ព្រះរាជាតែងទ្រង់ធ្វើនៅខែវស្សា គឺនៅថ្ងៃ១៥កើតខែស្រាពណ៍ដោយទ្រង់ស្ដេចយាងទៅក្រសាលតាមបឹងតាមព្រះទីន័ង នាវា ទ្រង់ព្រះរាជបញ្ជាឲ្យបេះផ្កាឈូកស ឈូកក្រហម ព្រលិត លំចង់ ស្បង្ក័ជ យកមកថ្វាយព្រះក្នុងព្រះរាជមន្ទីរហើយទ្រង់ចាត់ឲ្យហែហមដោយក្បួនហែដ៏មហោឡារិក យកទៅថ្វាយព្រះពុទ្ធរូបគ្រប់វត្តអារាម ដែលនៅជិតព្រះបរមរាជវាំង។
តែសព្វថ្ងៃដោយគេយល់ថា វត្តអារាមនីមួយៗតែងកសាងទីសេនាសនៈ ដូច្នេះទើបនិយមយកលុយមកចងក្រងជាផ្កា រួចបានវេរប្រគេនដល់ព្រះសង្ឃ ហើយបុណ្យផ្កាប្រាក់នេះគេទុកថា ជាបុណ្យធំមួយព្រោះគេបានរួមបច្ច័យ កសាងថាវរវត្ថុផ្សេងៗ ទាំងខាងពុទ្ធចក្រ និងអាណាចក្រអាចធ្វើជាប្រយោជន៍ដ៏ធំធេងសម្រាប់ធ្វើជាទីសេនាសនៈផ្សេងៗបានឈ្មោះថាធ្វើឲ្យសាសនារុងរឿងតទៅទៀតផង។
ព្រះសង្ឃគ្រប់ព្រះអង្គ លោកគ្រូអាចារ្យ និងប្រជាពុទ្ធបរិស័ទចំណុះជើង《 វត្តល្ងើន》 ទាំងអស់ សូមឧទ្ទិសមគ្គុផលនៃបុណ្យផ្កាសាមគ្គីនេះ ជូនចំពោះឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំមន្រ្តីរាជការព្រមទាំងបងប្អូនប្រជាជនទាំងអស់ សូមសមប្រកបតែនឹងពុទ្ធពរទាំង៤ ប្រការ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ ៕