ព័ត៌មានសន្តិសុខសង្គម

មេល្បែងដ៏ធំឈ្មោះ សូ សំឡូត បន្តបើកល្បែងចល័តពីកន្លែងមួយទៅកន្លែងមួយ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបសាជាថ្មី

(ភ្នំពេញ)៖មេល្បែងដ៏ធំមួយរូបឈ្មោះ សូ សំឡូត តែងតែបើកល្បែងស៊ីសងខុសច្បាប់ លេងបៀរជាច្រើនវង់ ដោយចល័តពីកន្លែងមួយទៅកន្លែងមួយ តាមបណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ហើយក៏ធ្លាប់ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបជាបន្តបន្ទាប់ផងដែរ ។ ប៉ុន្តែមិនដឹងថា ហេតុអ្វីមេល្បែងដ៏ធំឈ្មោះរូបនេះ នៅតែព្រហើនបើកល្បែងជាបន្តបន្ទាប់ដោយមិនខ្លាចញញើតច្បាប់បន្តិចសោះនោះឡើយ ។

ជាក់ស្ដែង កាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបឃ្លាំងមួយកន្លែងដែលមេល្បែងដ៏ធំឈ្មោះ សូ សំឡូត លួចបើកជាវង់បៀរដ៏ធំ ។

ឃ្លាំងមួយកន្លែងនេះស្ថិតនៅលើផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

បើតាមប្រភពព័ត៌មានពីអ្នកជិតខាងឃ្លាំងមួយនេះ បានបង្ហើបឲ្យអ្នកសារព័ត៌មានដឹង ថា នៅមុនពេលឈានដល់ការចុះបង្ក្រាបនេះ គឺ ទីតាំងមួយនេះតែងតែមានមនុស្សចេញចូលជាច្រើននិងប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសង ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានណាឡើយ ។

ទើបតែនៅថ្ងៃនេះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំ ចុះបង្ក្រាប ដោយឃាត់បានមេល្បែងឈ្មោះ សូ សំឡូត នៅក្នុងទីតាំងល្បែងនេះនិងអ្នកពាក់ព័ន្ធជាង៣០នាក់ផ្សេងទៀត ។

បច្ចុប្បន្ន មេល្បែងឈ្មោះ សូ សំឡូត និងមនុស្សពាក់ព័ន្ធជាង៣០នាក់ ត្រូវបានបញ្ជូនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីបន្តតាមនីតិវិធីច្បាប់ ។

តាមប្រភពព័ត៌មានដោយឡែកមួយទៀត បានបង្ហើបឲ្យដឹងថា មេល្បែងឈ្មោះ សូ សំឡូត រូបនេះ តែងតែចល័តទីតាំងល្បែងពីខណ្ឌមួយទៅខណ្ឌមួយ តាមរូបភាពជួលផ្ទះល្វែង ឬ ជួលឃ្លាំង ពោលគឺកន្លែងណាដែលស្ងប់ស្ងាត់ ហើយបើកជាទីតាំងលេងល្បែងស៊ីសងតែម្ដង ដោយរកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយថ្ងៃៗ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *