ខេត្ដកំពត៖ ក្មេងប្រុសស្រីចំនួន ៣នាក់ បានស្លាប់ បន្ទាប់ពីចុះទៅរាវលៀសក្នុងរណ្តៅដីមួយកន្លែង ស្ថិតនៅភូមិដើមចម្រៀក ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។ កុមាររងគ្រោះទាំង ៣នាក់ ឈ្មោះ ហង់ ស្រីតី ភេទស្រី អាយុ ១៣ឆ្នាំ, ឈ្មោះ ហង់ ទី ភេទប្រុស អាយុ ៩ឆ្នាំ, ឈ្មោះ សុង រតនា ភេទស្រី អាយុ ១៣ឆ្នាំ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា កុមាររងគ្រោះទាំងបីនាក់មានទីលំនៅភូមិជ្រោះអូតាសោម ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលជាភូមិស្រុកមួយមានព្រំប្រទល់ជាប់គ្នាជាមួយភូមិឃុំកើតហេតុ។ សមត្ថកិច្ចបានរៀបរាប់ថា កាលពីវេលាម៉ោង ៤:៤០នាទី រសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នគរបាលមូលដ្ឋានបានទទួលដំណឹងថា មានក្មេងប្រុសស្រី៣នាក់បានលង់ទឹកស្លាប់ក្នុងរណ្តៅដីមួយកន្លែង បន្ទាប់ពីពួកគេចុះរាវលៀសនៅទីនោះ។ ពេលទទួលបានព័ត៌មានភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍បានទៅដល់កន្លែងកើតហេតុ សហការជាមួយប្រជាពលរដ្ឋ និងសាច់ញាតិកុមាររងគ្រោះចុះរាវរកទើបប្រទះឃើញកុមារាកុមារីទាំងបីនាក់ជាបន្តបបន្ទាប់ តែពួកគេបានស្លាប់ទៅហើយ។
សមត្ថកិច្ចបានបញ្ជាក់ថា តាមរយៈការធ្វើកោសលវិច័យពីមន្ត្រីជំនាញបច្ចេកទេសឃើញថា កុមារទាំងបីនាក់ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។ ដូច្នេះសមត្ថកិច្ចបានប្រគល់សពកុមាររងគ្រោះទាំងបីជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕