ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បង្ហាញអារម្មណ៍រីករាយ ខណៈស្ត្រីម្នាក់ដែលជាប់លេខរៀងទី ៦លាន ក្នុងការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដោយទទួលបានថវិកាលើកទឹកចិត្ត ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី!

(ខេត្តកំពង់ចាម)៖ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩

ចូលរួមសម្ដែងនូវសេចក្ដីអបអរសាទរ ចំពោះ ស្ត្រីម្នាក់ ដែលជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម បានជាប់លេខរៀងទី ៦លាន ក្នុងការមកទទួលវ៉ាក់សាំងការពារកូវីដ-១៩ ដោយស្ម័គ្រចិត្ត និងទទួលបានថវិកាថវិកាលើក ទឹកចិត្តចំនួន ១០លានរៀល និងសម្ភារៈផ្សេងៗទៀត ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ។ ការថ្លែងអបអរបែបនេះ គឺធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្ដម អភិបាលខេត្ត អញ្ជើញដឹកកិច្ចប្រជុំរបស់គណៈកម្មការខេត្តប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះ នាសាលាខេត្ត។

ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍ថានេះគឺជាកិត្តិយសរបស់ខេត្តកំពង់ចាម ពីព្រោះថា ការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នឹងត្រូវបញ្ចប់នៅត្រឹមលេខរៀងទី១០លានប៉ុន្តែជាព្វសំណាង ស្រាប់តែលេខរៀងទី៦លានគឺបានទៅលើប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាមរបស់យើង។ ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ទៀតថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែគិតគូអំពីអាយុជីវិតនិង សុខភាពប្រជាពលរដ្ឋតាមរយៈដាក់ចេញនូវ «យុទ្ធនាការជាតិ ចាក់វ៉ាក់សាំង» សំដៅបង្កើត ឲ្យមានភាពស៊ាំ និងទប់ទល់នឹងការឆ្លងរីករាករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ប៉ុណ្ណោះទេ ក៏ប៉ុន្តែរាជរដ្ឋាភិបាលបានផ្ដល់ការលើកទឹកចិត្តជាប្រាក់រង្វាន់ទៅដល់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងលេខរៀងទីលានៗ ក្រោយពីមកទទួលវ៉ាក់សាំងបង្ការជម្ងឺកូវី-១៩ រួចហើយផងដែរ ។ ឯកឧត្ដមបញ្ជាក់ដែរថាយ៉ាងណាមិញនៅថ្ងៃនេះលោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានដឹកនាំគណៈប្រតិភូដើម្បីនាំថវិកាលើកទឹកចិត្ត របស់សម្ដេចតេជោ ជូនបងស្រី ផេង សឿន រស់នៅស្រុកចំការផងដែរ។

សូមបញ្ជាក់ថា បើតាមសារនៅក្នុងផេកផ្លូវការ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរថា ៖ «មកដល់ថ្ងៃនេះ កម្ពុជា យើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩បាន៦លាននាក់ ស្មើនឹង៦០ភាគរយនៃប្រជាជន ១០លាននាក់ដែលត្រូវចាក់។ លេខរៀងទី៦លានបានទៅលើប្អូនស្រី ផេង សឿន អាយុ ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលខ្ញុំសូមចូលរួម អបអរសាទរ។ លោកជំទាវ ឱ វណ្ណឌីន នឹងយកជំនួយថវិក១០លានរៀល និងសម្ភារៈផ្សេងៗ ទៀត ដែលជាជំនួយរបស់ខ្ញុំ ទៅប្រគល់ជូនដោយផ្ទាល់ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *