(ខេត្តកំពត)៖ (ព័ត៌មានបឋម)យ៉ាងហោចណាស់ក៏មានមនុស្ស ប្រុស ស្រី ចំនួន០៥នាក់ បានស្លាប់ជាបន្តបន្ទាប់
និង០៤នាក់ទៀតកំពុងសង្រ្គោះនៅក្នុងមន្ទីរពេទ្យ ហើយដើមចមនៃការស្លាប់ខាងលើ សង្ស័យពុលស្រា ស ដែលជនរងគ្រោះទិញមកពិសារ-ដើម្បីបាយឆ្ងាញ់។
តាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ករណីដែលបង្កភាពភ្ញាក់ផ្អើលគឺមុនដំបូងមានមនុស្សស្លាប់ចំនួន០៣នាក់ កាលពីវេលាម៉ោង២រំលងអាធ្រាត ឈានចូលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងភូមិកោះឈ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត លុះដល់ពេលព្រឹកថ្ងៃដដែលទើបមានអ្នកស្លាប់ចំនួន០២នាក់បន្ថែមទៀត ដោយសរុបតួលេខអ្នកស្លាប់ មានរហូតដល់០៥នាក់ ខណៈ០៤នាក់ទៀតកំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ករណីមានមនុស្សស្លាប់ជាបន្តបន្ទាប់បែបនេះ សង្ស័យពុលស្រា ស ព្រោះមុនពេលមានបញ្ហាកើតឡើង ជនរងគ្រោះខាងលើបានទិញស្រា ស ផឹក ជួបជុំគ្នាតាមទម្លាប់អ្នកភូមិ។លុះដល់វេលាម៉ោង២រំលងអាធ្រាត ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ស្រាប់តែមានមនុស្ស០៣នាក់បានស្លាប់ និងអ្នកខ្លះទៀតមានអាការៈក្អួតចង្អោរ ទន់ដៃ ទន់ជើង ទើបសាច់ញាតិបញ្ជូនពួកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែអកុសលមនុស្ស០២នាក់ក្នុងចំណោម០៦នាក់ បានស្លាប់បន្តទៀត។
គួររម្លឹកផងដែរថា កាលពីជាង១ខែមុនក៏មានករណីមនុស្សស្លាប់ដោយសារផឹកស្រា ស ជាច្រើននាក់ផងដែរ ដែលករណីនេះកើតឡើងស្ថិតក្នុងភូមិសាស្ត្រឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ចំពោះករណីមានមនុស្សស្លាប់នៅដើមកក្កដា ឆ្នាំ២០២១ នេះ សង្ស័យពុលស្រា ស ដូចគ្នា។
ទន្ទឹមនឹងរឿងរ៉ាវខាងលើនេះ គេមិនទាន់ដឹងថា ពលរដ្ឋរងគ្រោះទិញស្រា ស មកពីកន្លែងណាហើយអាជ្ញាធរ សមត្ថកិច្ចនិងជំនាញ ចាត់វិធានការបែបណា ដល់អ្នកលក់ ឬអ្នកផលិតសារធាតុស្រវឹង(ស្រា ស)យ៉ាងណានោះទេ៕