(ខេត្ដកណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បាននាំយកនូវស្បៀង របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល ជូនដល់ប្រជាពលរដ្ឋ ចំនួន៣៧៥៦គ្រួសារ ស្ថិតក្នុងតំបន់ក្រហម ចំនួន ៤ភូមិក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ភូមិចំនួន ៤ ក្នុងឃុំបែកចាន ដោយមួយរយៈចុងក្រោយនេះ មានការឆ្លងមេរោគកូវីដ-១៩ ជាបន្តបន្ទាប់ ដែលតួលេខនេះគឺជាតួលេខមួយដ៏គួរឱ្យព្រួយបារម្ភ តម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល បានសម្រេចដាក់ភូមិចំនួន ៤ នេះជាតំបន់ក្រហម និងឱ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់នេះធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល។
លោក បន្តថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី សម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ ហើយសម្ដេចតេជោ បានណែនាំដល់មន្ត្រីនៅតាមមូលដ្ឋាន ត្រូវចុះជួយប្រជាពលរដ្ឋជាប្រចាំ ដោយមិនត្រូវឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារដាច់ស្បៀងឡើយ។
លោកអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ទាំង៤ភូមិ សូមមានការអត់ធ្មត់ និងចូលរួមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដើម្បីកាត់ផ្ដាច់នូវខ្សែចម្លងមេរោគកូវីដ-១៩ ក្នុងតំបន់នេះ ក្នុងគោលបំណងឱ្យតំបន់នេះ វិលទៅរកភាពប្រក្រតីធម្មតាឡើងវិញ។ ជាងនេះទៀត សូមបងប្អូនរួមគ្នាអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ នាយករដ្ឋមន្ត្រី រួមមាន ៣ការពារុ ៣កុំ ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សំដៅឈានដល់ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈឱ្យបាននាពេលខាងមុខ។
សូមបញ្ជាក់ផងដែរថា ភូមិអណ្ដូង ភូមិស្វាយជ្រុំ ភូមិពងទឹក និងភូមិត្នោតម្ដើម ក្នុងឃុំបែកចាន ត្រូវបានរដ្ឋបាលខេត្តកណ្ដាល សម្រេចកំណត់ជាតំបន់ក្រហម កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។
ស្បៀងដែលត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋទាំង ៣៧៥៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ១៥ គីឡូក្រាម មី ១ កេស ត្រីខ ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ និងម៉ាស់ ១ ដុំ៕