(ខេត្ដកំពង់ចាម)៖ ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការឆ្លងរីករាដាលនៃជំងឺកូវីដ-១៩
ចំនួន១៦៦គ្រួសារ នៅសួនក្រញ៉ូងនគរបាជ័យសង្កាត់សំបួរមាស ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ខណៈរាជរដ្ឋាភិបាលកម្ពុជាបានទិញវ៉ាក់សាំងនេះ ដេីម្បីការពារអាយុជីវិតពលរដ្ឋយើង ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានក្រេីនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទោះក្នុងពេលបំពេញការងារ ឬប្រកបមុខរបររកស៊ីផ្សេងៗ បេីទោះជាទទួលបានការចាក់វ៉ាក់សាំងរួចហើយក្តី ក៏មិនត្រូវធ្វេសប្រហេស ឬមើលស្រាលបានឡើយ។
ជាងនេះទៅទៀត សូមកុំភ្លេចអនុវត្តវិធានការ ” ៣ការពារ ៣កុំ ” ឲ្យបានជាប់ជាប្រចាំ រួមនឹងការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ ការលាងសំអាតដៃជាមួយសាប៊ូ អាល់កុល ឬជែល អោយបានញឹកញាប់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការឆ្លងរាលដាល នៃវីរុស កូវីដ-១៩ បម្លែងថ្មី ដ៏កាចសាហាវនេះ កុំឲ្យរីករាលដាលក្នុងសហគមន៍យើង ។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា មេឃុំចៅសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិអនុភូមិ និងមន្ត្រីសុខាភិបាល គឺជាតួរអង្គយ៉ាងសំខាន់ទាំង៤ ក្នុងការគ្រប់គ្រងពលរដ្ឋចំណូលស្រុក ដើម្បីបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័កតាមការកំណត់ ហេីយក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយ តួរអង្គទាំង៤នេះ ដើម្បីដាក់ចេញជាសកម្មភាពមកភ្លាមដឹងភ្លាម និងគ្រប់គ្រងទាន់សភាពការណ៍ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជក់ថា ទោះបីជាស្ថិតក្នុងបរិបទកូវីដ-១៩ ធ្វេីឲ្យប៉ះពាល់ដល់វិស័យខ្លះៗ តែអាជ្ញាធរនៅតែខិតខំធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ ដោយមានការស្ថាបនាផ្លូវកៅស៊ូ និងផ្លូវបេតុង ជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម ដែលត្រូវបេីកការដ្ឋាននៅពេលឆាប់ៗខាងមុខនេះផងដែរ ។
គួរបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង ១៦៦គ្រួសារ ក្នុង ១គ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខកំប៉ុង១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងមី ១កេស ៕