(ខេត្តព្រៃវែង)៖ ទីតាំងល្បែងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ មួយកន្លែង នៅតាមបណ្ដោយផ្លូវលំ ស្ថិតនៅភូមិកណ្ដាល ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បាននឹងកំពុងបើកដំណើរការលេងយ៉ាងរលូន មានមនុស្សចូលលេងពេញៗហាងដែលលក់កាហ្វេផងនោះ និងស្រែកហ៊ោរកញ្ជ្រៀវអើងកង
ជាមួយគ្នានោះ មេផ្នែកបណ្ដាញមាន់ជល់អនឡាញបានបើកទទួលភ្នាល់ដាក់លុយចាប់ពីមួយមុឺនរៀលរហូតដល់រាប់លានរៀលក្នុងមួយគូរៗផងដែរ។
ប្រភពចេញចូលពីអ្នកលេងល្បែងស៊ីសងជល់មាន់តាមអនឡាញបានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា បើសិនកូនភ្នាល់ឈ្នះត្រូវតរទឹកចន្លោះពី២០%ទៅ៣០% ចាក់លុយ១០មុឺនរៀល ទទួលបានតែ៨មុឺនឬ៧មុឺនរៀលទេ បើមេឈ្នេះវិញគឺយក១០មុឺនរៀលពីកូនពេញៗតែម្ដង ម្យ៉ាងវិញទៀតសកម្មភាពដកតុង និងភ្នាល់ដាក់លុយធំៗទាំងនេះហើយ បានធ្វើឲ្យអ្នកបើកល្បែងស៊ីសងតាមទូរទស្សន៍អនឡាញកើបលុយរាប់រយលានរៀលក្នុងមួយថ្ងៃៗ ។
ពលរដ្ឋរស់នៅក្បែរទីតាំងបានឲ្យដឹងថា ទីតាំងបនល្បែងខាងលើនេះគឺបើកដំណើរការជាច្រើនខែមកហើយ មិនដែលឃើញមាន សមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធណាចុះទៅបង្ក្រាប និងទប់ស្កាត់ឡើយ។
ពលរដ្ឋបានលើកឡើងថា អំពីបញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗ(ពោលគឺ) លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម .ល.កើតចេញពីល្បែងស៊ីសងនេះឯង។
គួរម្លឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពរដ្ឋ ឲ្យស្របតាម គោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងសុំការបំភ្លឺពីលោកជ័យ សេងហ៑ាង អធិការស្រុកព្រះស្ដេច តាមប្រព័ន្ធអេឡិចត្រូនិក (តេឡេក្រាម) លោកអញ្ជើញចូលមើលហើយតែលោកមិនឆ្លើយតប។
ពលរដ្ឋសូមសំណូមពរដល់លោកព្រំុ សន្ធស្នងការខេត្តព្រៃវែង សូម មានវិធានការចំពោះករណីល្បែងល្បែងស៊ីសងខាងលើនេះផង ដើម្បីឱ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ៕