(ខេត្ដកំពង់ចាម)៖ ក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) នៅមន្ទីរផែនការ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងណែនាំថា កុំយកបញ្ហាកូវីដជាឧបសគ្គរារាំងការងារអភិវឌ្ឍន៍ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ហើយត្រូវចូលរួមដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋានឲ្យបានទាន់ពេលវេលា ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ។
ថ្លែងក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ទោះបីជាជំងឺកូវីដ-១៩ បានរាំងស្ទះការងារមួយចំនួនក៏ដោយ ក៏យើងនៅតែយកចិត្តទុកដាក់អនុវត្តទៅតាមច្បាប់ដែលបានកំណត់ ហើយមកដល់ពេលនេះក្រុមការងារកសាងផែនការបានដើរដល់ជំហានទី២ សកម្មភាពទី៧ គឺការពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) ដែលបានអនុវត្តនេះ មានគម្រោងវិនិយោគកំពុងដំណើរការរបស់រដ្ឋបាលខេត្តមានចំនួន ៤៤គម្រោង ដែលត្រូវចំណាយថវិកាចំនួន ៣៦ ០២៣ លានរៀល (សាមសិបប្រាំមួយពាន់ ម្ភៃបីលានរៀល) និងគម្រោងដែលមានថវិកាគាំទ្រមានចំនួន ៣៥៩ គម្រោង ដែលត្រូវចំណាយថវិកាចំនួន ៩១៨ ៦៤៣ លានរៀល (ប្រាំបួនរយដប់ប្រាំបីពាន់ ប្រាំមួយរយសែសិបបីលានរៀល) ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២២។ គម្រោងទាំងនេះពិតជាស្តែងឡើងនូវការរីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋ មានកំណើនសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ហើយជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្ត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យប្រជាពលរដ្ឋរួចផុតពីបន្ទាត់ក្រីក្រ និងកាន់តែសម្បូរសប្បាយជាបន្តបន្ទាប់ឥតឈប់ឈរ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នេីដល់លោកអភិបាលស្រុកទាំងអស់ ត្រូវជំរុញដល់អាជ្ញាធរគ្រប់ឃុំ ឲ្យចូលរួមលេីកកម្ពស់ការធ្វើអនាម័យជនបទ គឺត្រូវលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យមានការប្រើប្រាស់បង្គន់អនាម័យឲ្យបានគ្របៗខ្នងផ្ទះ។ ដោយឡែកក្នុងរដូវរងារនេះដែរ សូមឲ្យអាជ្ញាធរស្រុក រួមជាមួយថ្នាក់ដឹកនាំចុះជួយមូលដ្ឋាន ធ្វើការផ្តល់អាវរងារ និងគ្រឿងឧបភោគ បរិភោគ ជូនដល់ចាស់ជរាគ្មានទីពឹងផងដែរ ៕