(ភ្នំពេញ) ៖ មានករណីអគ្គិភ័យមួយឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើង បណ្តាលឲ្យឆាបឆេះឃ្លាំងសម្ភារស្តុកទំនិញ ក្នុងការដ្ឋានប៊ូយ៉ុងយ៉ាងសន្ធោសន្ធៅ
បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងរថយន្តការិយាល័យពន្លត់អគ្គិភ័យ ចុះមកអន្តរាគមន៍ភ្លាមៗ។
ក្នុងករណីគ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ម្ចាស់ឈ្មោះ ហាក់ ចិន្ដា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមេការគ្រប់គ្រងការដ្ឋាន។
បើតាមប្រភពព័ត៌មានពីកម្មករ បានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ពួកគាត់បាននាំគ្នាក្រោកពីដំណេករួចហើយរៀបចំខ្លួនងូតទឹកទៅបំពេញកាងារ ដោយពួកគាត់បានស្នាក់នៅក្នុងការដ្ឋាន ខណៈនោះក៏ស្រាប់តែឃើញឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងចេញពីក្នុងឃ្លាំងស្តុកទំនិញ បណ្តាលឲ្យបង្កជាអណ្តាតភ្លើងឆាបឆេះឡើងយ៉ាសន្ធោសន្ធៅតែម្តង ហើយពួកគាត់បាននាំគ្នាប្រញាប់ប្រញ៉ាល់ទាញទុយោទឹក ដើម្បីបាញ់ទប់ស្កាត់ដែរ ដោយមើលឃើញស្ថានភាពភ្លើងកាន់តែឆេះខ្លាំង ទើបធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចមូលដ្ឋានឲ្យសុំរថយន្តពន្លត់អគ្គិភ័យជាបន្ទាន់ ដើម្បីចុះមកអន្តរាគមន៍បាញ់ទឹកពន្លត់។ តែសំណាងល្អ ក្នុងករណីគ្រោះអគ្គិភ័យនេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ និងមិនបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ដោយគ្រាន់តែខូចខាតសម្ភារៈមួយចំនួនរួមមាន៖ ស្កុតរុំទុយោ, កៅអី, ជក់ តែប៉ុណ្ណោះ។
សូមបញ្ជាក់ថា អគ្គិភ័យឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញ ក្នុងការដ្ឋានប៊ូយ៉ុងអស់ស្ទើរទាំងស្រុង ជាប្រភេទសំណង់ ទូកុងទីន័រ ទំហំ០២ម៉ែត្រ x ០៨ម៉ែត្រ។ ហើយសមត្ថកិច្ចបានប្រើប្រាស់រថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ០៤គ្រឿង និងប្រេីប្រាស់ទឹកអស់ ០៤ឡាន ស្មើ១៦ម៉ែត្រគូប ដោយប្រើពេលវេលារយៈពេល៣០នាទី ដើម្បីបាញ់ទឹកពន្លត់ឲ្យរលត់ទៅវិញជាស្ថាពរ នាថ្ងៃខែឆ្នាំដដែល៕