(ខេត្តសៀមរាប)៖ យ៉ាងហោចណាស់មនុស្ស ៣នាក់ត្រូវបានស្លាប់ និងរបួសជាច្រើននាក់ ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះ ក្លឹបរាត្រីឈ្មោះ “អេលីត”កាលពីយប់វេលាម៉ោងប្រហែល ១៩ និង ៣០នាទី ថ្ងៃទី ១ខែធ្នូ ឆ្នាំ ២០២១ ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍ឆេះក្លឹបមានឈ្មោះទី១៖ ឈ្មោះ អ៉ឹង ស៉ីម ភេទប្រុស អាយុប្រហែល ៤២ឆ្នាំ រស់នៅភូមិបន្ទាយឈើ សង្កាត់ទឹកវិលមុខរបរសន្តិសុខក្លឹបអេលីត បានស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ។
ទី២៖ ឈ្មោះ ធី មេសា ហៅ ចិត្ត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរសន្តិសុខ ស្លាប់នៅកន្លែងកើតហេតុ។
ទី៣៖ ឈ្មោះ ឈឿន សំណាង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាបមុខរបរ អ្នកចម្រៀង ស្លាប់នៅកន្លែងកើតហេតុ។
ដោយឡែក ជនរងគ្រោះម្នាក់ដែលរងរបួសធ្ងន់ និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យមានឈ្មោះ ប្រាក់ សុភ័ណ្ឌ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅបន្ទប់ជួលភូមិតាភុល មុខរបរ DJ ក្លឹបអេលីត។
នៅក្នុងគ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានចេញអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១០គ្រឿង រួមមាន៖ រថយន្តរបស់ស្នងការដ្ឋានចំនួន ៣គ្រឿង, អធិការដ្ឋានក្រុង ១គ្រឿង, កងរាជអាវុធហត្ថ ២គ្រឿង, អង្គភាពនគរបាលការពារបេតិកភណ្ឌ ១គ្រឿង, អាជ្ញាធរអប្សរា ២គ្រឿង, អាកាសយានដ្ឋានអន្តរជាតិសៀមរាប១គ្រឿង។រហូតដល់ម៉ោង ២២ និង ៥០ នាទីទើបភ្លើងបានរលត់។
រហូតមកដល់ពេលនេះ ននៅមិនទាន់មានការវាយតម្លៃសរុបនូវការខូចខាតនៅឡើយទេ ក្នុងនោះសមត្ថកិច្ចនគរបាលជំនាញកំពុងតែដុតជើង ចុចុះស្រាវជ្រាពីដើមហេតុដែលបង្ករឲ្យមានអគ្គីភ័យឆេះក្លឹបនេះ៕