(ភ្នំពេញ )៖ យោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកកាបូបក្រវាត់ចង្កេះមានប្រាក់ ទូរស័ព្ទ និងឯកសារ) នៅចំណុចមុខស្ថានីយប្រេងឥន្ធនៈតេលា ផ្លូវលេខ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី។
សមត្ថកិច្ចបានបន្តថា បង្កដោយជនសង្ស័យ៤នាក់ គេចខ្លួនរួចម្នាក់ ឈ្មោះ ឌី និងម៉ូតូ០២គ្រឿង។ ចំណែកជនសង្ស័យ៣នាក់ទៀតរួមមាន៖
ទី១-ឈ្មោះ ហេង សុខលី (ហៅ តឿ) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអីវ៉ាន់អនឡាញ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិគោកបញ្ជាន់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន)។
ទី២-ឈ្មោះ យ៉េង ឌីណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន)។
ទី៣-ឈ្មោះ សុខ ដា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ១០៧ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីជនរងគ្រោះឈ្មោះ យ៉ា ធារី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៣៥៨ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
សម្ភារបាត់បង់មាន៖ លុយដុល្លារ២១០ដុល្លារ, លុយខ្មែរ៦០០.០០០រៀល, ទូរស័ព្ទដៃ០១គ្រឿង ម៉ាក VIVO និងសម្ភាមួយចំនួនទៀត។ ចំពោះសម្ភារបន្សល់ទុកមាន៖ ម៉ូតូ០២គ្រឿង (១-ម៉ាកនិច ពណ៌សលាយក្រហម ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1LS-0206), ២-ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-4788។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕