ព័ត៌មានជាតិ

ត្រៀម​ទីតាំង ១០ កន្លែង សម្រាប់​ពលករ មកពី​ក្រៅប្រទេស និង​ប្រគល់​សាលារៀន ឱ្យ​សិស្ស

(ខេត្ដកំពង់ចាម)

៖ រដ្ឋបាលខេត្ត​កំពង់ចាម បាន​ត្រៀម​ទីតាំង ចំនួន ១០ កន្លែង សម្រាប់​ពលករ – ពល​ការិនី ធ្វើ​ច​ត្តា​ឡី​ស័ក នៅពេល​បើក​ព្រំដែន កម្ពុជា​-​ថៃ ឡើងវិញ នៅ​ថ្ងៃទី​១២ សីហា និង​ប្រគល់​សាលារៀន ជូន​សិស្សានុសិស្ស ដើម្បី​បើក​បវេសនកាល នាពេលខាងមុខ​។​

​នៅក្នុង​កិច្ចប្រជុំ​មួយ នៅ​ព្រឹក​ថ្ងៃទី​១០ សីហា នេះ លោក អ៊ុន ចាន់​ដា ជា​អភិបាល​ខេត្តកំពង់ចាម បាន​មាន ប្រសាសន៍ នៅក្នុង​សាលាខេត្ត​នេះ​ថាៈ ឥឡូវ យើង​បាន​ចាត់វិធានការ ដាក់ឱ្យ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ដែល​ពាក់ព័ន្ធ​នឹង ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​ហើយ គឺ​ដើម្បី​ជៀសវាង ការរស់នៅ សម្រាក​ព្យាបាល នៅ​លាយឡំ ជាមួយ​អ្នកពាក់ព័ន្ធ​នឹង​មេរោគ​កូ​វីដ ១៩ បំប្លែង​ខ្លួន​ថ្មី «​ដែល​តា​» (DELTA) ។

នេះ​បើតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក្រោយពី​រកឃើញ អ្នក​ឆ្លង​ដែល​តា ចំនួន ១២ នាក់ នៅក្នុង​ខេត្ត​របស់​យើង​។​

​លោក​អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថា យើង​បាន​ត្រៀម​ឃ្លាំង របស់​មន្ទីរ​ពាណិជ្ជក​ម្ម ចំនួន បី កន្លែង គឺ​ដើម្បី​យក​ទីនោះ ជំនួស​សាលារៀន ដែល​យើង​យក​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ព្យាបាល​កម្រិត​ស្រាល កន្លងមក ហើយ​ប្រគល់​សាលារៀន ទាំងអស់នោះ ឱ្យ​ខាង​មន្ទីរអប់រំ យុវជន និង​កីឡា ផ្តល់ឱ្យ​សិស្សានុសិស្ស បាន​ចូលរៀន​ឡើងវិញ​។​

​លោក​បាន​បន្តថា ក្នុងនោះ ឃ្លាំង​នៅ​ស្រុក​កំពង់សៀម សម្រាប់​ជំនួស​ឱ្យ វិទ្យាល័យ​ព្រះសីហនុ គឺ​ផ្ទេរ​ការព្យាបាល ជំងឺ​កូ​វីដ ១៩ កម្រិត​ស្រាល និង​អ្នកជំងឺ​ទាំងអស់ ទៅកាន់​ទីនោះ​វិញ ហើយ​ឃ្លាំង នៅក្បែរ​មន្ទីរ​ពាណិជ្ជក​ម្ម ក្នុង​ក្រុង​កំពង់ចាម និង​ឃ្លាំង​មួយទៀត នៅក្បែរ​សាលាស្រុក​កងមាស សម្រាប់​ជា​កន្លែង​ពលករ -​ពល​ការិនី ធ្វើ​ច​ត្តា​ឡី​ស័ក​។

ដូចនេះ សាលារៀន ចំនួន ១០ កន្លែង កន្លងមក ដែល​យក​ធ្វើការ​ប្រយុទ្ធ ប្រឆាំង​ជំងឺ​កូ​វីដ ១៩ យើង​ប្រគល់​សាលារៀន ឱ្យ​សិស្ស​វិញ ដើម្បី​ត្រៀមលក្ខណៈ បើក​សាលារៀន​ឡើងវិញ ក្នុង​ឆ្នាំ​សិក្សា​ថ្មី ខាងមុខនេះ បន្ទាប់ពី​ពួកគេ (​សិស្ស​) ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ ១៩ រួចរាល់​៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *