(ខេត្ដស្ទឹងត្រែង)៖ មានអ្នកទោសចំនួន៧នាក់ បានទម្លាយរបងថ្ម រត់គេចខ្លួនបានសម្រេច កាលពីវេលា ម៉ោង៣និង២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ វិច្ឆិកា ២០២១ ស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្ដស្ទឹងត្រែង។
ប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីពេលនាទៀបភ្លឺ ខណៈអ្នកទោសវាយជញ្ជាំងទម្លាយរត់គេចខ្លួន មន្រ្តីអនុរក្សពន្ធនាគារបាន ប្រើប្រាស់អាវុធបាញ់ចំនួន៤គ្រាប់ ដើម្បីគម្រាមបញ្ឈប់ ប៉ុន្តែមិនអាចរារាំងបាន។
យោងតាមការពិនត្យទីតាំងជាក់ស្តែង សមត្ថកិច្ចបានរកឃើញឧបករណ៍ធ្វើសិប្បកម្ម និងវត្ថុរឹងមួយចំនួន ដែលជាឧបករណ៍សម្រាប់ទម្លាយជញ្ជាំងរបងថ្ម មានដូចជា ប្រដាប់ខួងដែកត្រសេះកំណាត់ឈើ ខ្នើយ ភួយ ដើម្បីខ្ទប់វាយមិនឱ្យឮសំឡេង ។
លោក ឈុន តារា ប្រធានពន្ធនាគារ ខេត្តស្ទឹងត្រែង បានឱ្យដឹងថាក្នុងចំណោមអ្នកទោស៧នាក់ មានម្នាក់ ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ អស់មួយជីវិត ក្នុងករណីជួញដូរគ្រឿងញៀន។
ក្នុងចំណោមអ្នកទោសរត់គេចខ្លួន៧នាក់ មាន៦នាក់ស្ថិតក្នុងករណីជួញដូរគ្រឿងញៀន និងម្នាក់ជាប់ទោសពីបទលួចមានស្ថានទម្ងន់ទោស៕