ព័ត៌មានរាយការណ៍

កន្ទេលធំបន្លំដេក៖ដីបឹងបែកក្អមជាង៥០ហិកតា សង្ស័យអាជ្ញាធរជំនាញ លក់ដាក់ហោប៉ាវ ក្រោមលេសស្ដារអភិវឌ្ឍន៍នៅស្រុកមុខកំពូល!

(កណ្ដាល)៖ ព្រោះតែមានគម្រោង.ស្ដារអភិវឌ្ឍន៍.បឹងអូរ ធម្មជាតិ.ចំនួន២២កន្លែង នៅស្រុកមុខកំពូល ខេត្តកណ្ដាល។

ជាហេតុនាំឱ្យអាជ្ញាធរមូលដ្ឋាន រួមនិងមន្ត្រីជំនាញ នៃមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកណ្ដាល សំងំប្រមូលលុយ&កើបលុយ បានរាប់សិបម៉ឺនដុល្លារ យ៉ាងស្ងៀមស្ងាត់ពោលគឺព្រួញមួយបាញ់បានសត្វពីរ ។

ដោយទទួលបានថវិកាជាតិ ពីគម្រោងស្ដារអភិវឌ្ឍន៍ផង និងលក់អាចម៍ដី(បឹងបែកក្អម) ដែលមានទំហំ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាលផង។

ជាក់ស្ដែង៖ ដីបឹងបែកក្អម មន្ត្រីធនធានទឹកខេត្តកណ្ដាល បានកំណត់លក់អាចម៍ដីឱ្យឈ្មួញ ក្នុង១ហិកតា តម្លៃ៣០.០០០$
អញ្ចឹង«ដីបឹងបែកក្អម ទំហំ៥៤ហិកតា»គិតជាទឹកប្រាក់ ស្មើនឹង ១.៦២០.០០០$(មួយលានហុកសិបពីរម៉ឺន ដុល្លារ)។

ខណៈបច្ចប្បន្ន៖ ឈ្មួញជាថៅកែគ្រឿងចក្រនិមួយៗ កំពុងដណ្ដើមគ្នាទិញស្ដារអាចម៍ដី បឹងបែកក្អម យ៉ាងគគ្រឹកគគ្រេងបំផុត ។ ដោយប្រើគ្រឿងចក្រខ្នាតធំ សុទ្ធតែប្រភេទកង់១០ យីឌុប រាប់សិបគ្រឿងដឹកជញ្ជូនមកចាក់ដីឡូត៍ឯកជន គ្មានឈប់ឈរ។

ដើម្បីកាយយកអាចម៍ដី(បឹងបែកក្អម)ទៅចាក់តាមដីឡូត៍និងបុរីនានា តាមទីផ្សារនិងតម្រូវការអតិថិជន នៅតំបន់នោះ។

នេះបើយោងតាមប្រភពពីពលរដ្ឋនិងថៅកែគ្រឿងចក្រ ដែលបានទិញអាចម៍ដីនៅទីនោះ។

ជាក់ស្ដែង៖ ថៅកែអ្នកម៉ៅការ ចាក់ដីឡូត៍ម្នាក់បានអះអាងប្រាប់សារព័ត៌មាននៅថ្ងៃទី០២.០៧.២០២១ថា៖ ខ្លួនពិតជាបានទិញអាចម៍ដី(បឹងបែកក្អម) ។ ពីមន្ត្រីធនធានទឹកខេត្តកណ្ដាលឈ្មោះ ឡេង ប្រាកដមែន ដោយក្នុង១ហិកតាតម្លៃ៣០.០០០$ជាកំហិត។

ក្នុងនោះរូបគាត់បានទិញចំនួន៤ហិកតារួចមកហើយ ស្មើនឹង១២ម៉ឺនដុល្លារ នឹងបានប្រគល់លុយឱ្យគេរួចរាល់ហើយដែរ។

ខណៈពេលនេះ លោកកំពុងដាក់គ្រឿងចក្រជាច្រើនគ្រឿង ដើម្បីស្ដារជីកដីបឹងបែកក្អម យកអាចម៍ដី មកចាក់ឱ្យដីឡូត៍ជាបន្តបន្ទាប់។

បើតាមការលើកឡើងរបស់ថៅកែគ្រឿងចក្រខ្នាតយក្ស រូបនោះ គឺបច្ចុប្បន្ន ខ្លួនកំពុងចរចាទិញអាចម៍ដី បឹងបែកក្អមចំនួន២ហិកតាបន្ថែមទៀត ដើម្បីកាយដឹកមកចាក់បំពេញតម្រូវការដីឡូត៍។

ជាមួយគ្នានោះ តៃកុងរថយន្តយីឌុបម្នាក់ បានបញ្ជាក់ថា៖ ដីបឹងបែកក្អម ទំហំជាង៥០ហិកតា ។គឺត្រូវបានមន្ត្រីធនធានទឹក ខេត្តកណ្ដាលដាក់ថ្លៃកំណត់លក់ អាចម៍ដីឱ្យថៅៗគ្រឿងចក្រ ប្រមាណជា៥ក្រុម។

ក្នុងនោះក្រុមខ្លះទិញបាន៣ហិកតា ក្រុមខ្លះទិញ១០ហិកតា និងខ្លះទៀតទិញបាន២០ហិកតាក៍មាន ។ ហើយខណៈនេះ ថៅកែគ្រឿងចក្រ និមួយៗកំពុងសម្រុក ជីកកកាយដឹកជញ្ជូនដីបឹងបែកក្អម ដើម្បីចាក់នៅតាមដីឡូត៍និងបុរីនានា។
ព្រោះតែទិញអាចម៍ដី អស់លុយច្រើន ទើបម្ចាស់គ្រឿងចក្រនិមួយៗ បង្ខំដាក់គ្រឿងចក្រ ជីកស្ដារឱ្យបានមុនរដូវភ្លៀង មុនទឹកហូរចូលរណ្ដៅ ។

ឆ្លើយតបនិងការលើកឡើងខាងលើលោក តុង ស៊ីវមី អភិបាលស្រុកមុខកំពូល បានប្រាប់សារព័ត៌មាននៅរសៀលថ្ងៃទី០២.០៧.២០២១ថា៖ ការស្ដារដីបឹងបែកក្អម ជាគម្រោងថ្នាក់ជាតិ ចំណាយលុយជាតិ! ប៉ុន្តែចំណាយអស់ប៉ុន្មាននោះលោកមិនដឹងទេ។ ហើយលោកបន្តរថា៖រឿងលុយលក់អាចម៍ដី ១ហិកតាតម្លៃ៣០.០០០$ តើយកលុយទៅណា? ។លោកអភិបាលឆ្លើយថា៖ មិនពិតទេ បើលុយថ្លៃកាហ្វេបន្តិចបន្តួចទើបមាន។

រីឯលោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្ដាល បានថ្លែងបដិសេធថា៖ មិនមានការលក់ដូរអាចម៍ដីបឹងបែកក្អមឡើយ។ដោយលោកបន្តថា៖ ខ្ញុំទទួលតែសមិទ្ធផលប៉ុណ្ណោះ រឿងលក់រឿងដូរលោកមិនដឹងទេ។

ចំណែកលោក ជា សារិទ្ធ ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តកណ្ដាល បានថ្លែងថា៖គម្រោងស្ដារ(ដីបឹងបែកក្អម)មានច្បាប់អាជីវកម្ម គឺជាគម្រោងខាងក្រសួងធនធានទឹក ដែលចំណាយថវិកាជាតិ។

បើទោះបីជាមន្ត្រីពាក់ព័ន្ធបានបដិសេធថា៖មិនបានលក់ដូរអាចម៍ដី យ៉ាងណាក្ដី ។
ប៉ុន្តែថៅកែគ្រឿងចក្រ បានអះអាងថា ពួកខ្លួនពិតជាបានទិញដីបឹងបែកក្អម ប្រាកដមែន គឺក្នុង១ហិកតាតម្លៃ ៣០.០០០$ ជាកំហិត ។
ប្រសិនជាពួកគាត់មិនទិញទេ គឺមិនអាចដាក់គ្រឿងចក្រចូលកាយយកអាចម៍ដីមកចាក់ឱ្យដីឡូត៍បានឡើយ។ យោងតាមការលើកឡើងរបស់មន្ត្រីពាក់ព័ន្ធ សបញ្ជាក់ឱ្យឃើញថា៖ ការស្ដារដីបឹងខាងលើរាល់ការចំណាយ គឺជាថវិការបស់ជាតិ។

ប៉ុន្តែជាក់ស្ដែង៖ មន្ត្រីជំនាញ លក់អាចម៍ដីឱ្យឈ្មួញ បានលុយមួយជាន់! ទទួលគម្រោងស្ដារ បានលុយពីជាតិមួយជាន់ទៀត «គ្រប់ទឹកតែម្ដង»។

ពាក់ព័ន្ធរឿងរ៉ាវខាងលើសារព័ត៌មានយើងរងចាំបកស្រាយបំភ្លឺជូនវិញរៀងរាល់ម៉ោងធ្វើការ សូមអរគុណ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *