(ខេត្ដកំពង់ចាម)៖ ក្នុងឱកាសជួបសំណេះសំណាលសាកសួរសុខទុកក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យយោធាភូមិភាគ២ ( 7D ) នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយសារការធ្វេសប្រហែសរបស់មនុស្សតែម្នាក់ ជំងឺកូវីដ-១៩ បានឆ្លងរីករាលដាលដល់កម្មករកម្មការិនីជាបន្តបន្ទាប់ ហើយរោងចក្រចំនួន៤ ត្រូវបានផ្អាកសកម្មភាពការងារផងដែរ ជាក់ស្ដែងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមការងារមន្ត្រីសុខាភិបាល បានយកសំណាកកម្មករកម្មការិនី និងអ្នកសង្ស័យចំនួន៦១២នាក់ លទ្ធផលតេស្ដរហ័សបានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៥២នាក់ ហើយបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផងដែរ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយសារស្ថានភាពនៃការឆ្លងរាតត្បាតលឿនបែបនេះ គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដាក់ចេញនូវយុទ្ធសាស្ត្រ នៃការបង្រួម និងទប់កុំឲ្យរីក ដោយត្រូវរៀបចំមណ្ឌលចក្តាឡឺស័ក ហើយប្រមូលអ្នកដែលប៉ះពាល់ទាំងអស់ឲ្យធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមការគ្រប់គ្រងរបស់អាជ្ញាធរ ដោយមានក្រុមគ្រូពេទ្យពិនិត្យតាមដានសុខភាពនៅតាមមណ្ឌលនីមួយៗ ។
លេីសពីនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឲ្យមន្ត្រីសុខាភិបាល ត្រូវធ្វើការស្រាវជ្រាវ រកអ្នកដែលប៉ះពាល់ដោយផ្ទាល់ជាមួយនឹងអ្នកជំងឺកូវីដ-១៩ និងត្រូវធ្វើតេស្តដោយឧបករណ៍ពិសេសជាបន្ទាន់ ដោយមិនត្រូវបណ្តែតបណ្តោយទុកយូរបានឡេីយ ព្រោះល្បឿននៃការឆ្លងនេះវាពិតជាលឿនណាស់ បេីរកឃើញករណីវិជ្ជមានហេីយនោះ គឺត្រូវបិទខ្ទប់ជាបន្ទាន់ ដេីម្បីគ្រប់គ្រងឲ្យបាន ពោលគឺត្រូវគ្រប់គ្រងសភាពការណ៍ឲ្យបាន ដោយមិនត្រូវបណ្តោយឲ្យសភាពការណ៍គ្រប់គ្រងយើងបានឡេីយ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ សូមឲ្យបន្តសហការគ្នា ដើម្បីផលប្រយោជន៍រួម ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រួសារយើងទាំងអស់គ្នា ហេីយត្រូវធ្វើការដោយមានការប្រយ័ត្នប្រយែងផងដែរ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកអំណោយ ផ្តល់ជូនក្រុមគ្រូពេទ្យចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១៨៤នាក់ ម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ និងថវិកា ៥០.០០០ រៀល ។ និងផ្តល់ជូនខាងមន្ទីរពេទ្យ ភូមិភាគ២ ម៉ាសចំនួន ១០.០០០ម៉ាស និងជែលលាងដៃ ៥០កាន ៕