(ខេត្ដកំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា បានព្រមាន និងមិនអត់ឱនឱ្យទេ ចំពោះមន្ត្រីដែលរពឹសដៃ ប្រើល្បិចកលស្តុកឯកសារទុក ដើម្បីទាមទារផលប្រយោជន៏ពីប្រជាពលរដ្ឋក្នុងការបម្រើសេវា ពិសេសលើការងារឯកសារអត្រានុកូលដ្ឋាន ។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងព្រមានដូច្នេះ នៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ នៅក្នុងកិច្ចប្រជុំសមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ទៀតថា ក្នុងខេត្តកំពង់ចាម មានប្រជាពលរដ្ឋសរុបប្រមាណជាជាងមួយលាននាក់ ដូច្នេះត្រូវប្រើប្រាស់ឯកសារអត្រានុកូលដ្ឋានច្រើន។ហើយ ឯសារទាំងនោះត្រូវផលិតចេញពីថ្នាក់ជាតិ ប៉ុន្តែកន្លងមក រដ្ឋបាលខេត្តកំពង់ចាម ទទួលបានឯកសារអត្រានុកូលដ្ឋាន មិនគ្រប់តាមសំណូមពរទេ ដូច្នេះតាមណ្តាឃុំ អាចជួបនូវការខ្វះខាតខ្លះ ហើយប្រការនេះ អាចនាំឱ្យមានមន្ត្រីមួយចំនួនតូចរពឹសដៃ ស្តុកឯកសារ ដើម្បីដោះដូររកផលប្រយោជន៍ពីប្រជាពលរដ្ឋ ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ទៀតថា ប្រការខាងលើនេះ « លោក និងចាត់ការទៅតាមផ្លូវច្បាប់ ឬប្រគល់ខ្លួនឱ្យទៅអង្គភាពប្រឆាំងអំពើពុករលួយ ប្រសិនបើរកឃើញបុគ្គលណា ស្តុកឯកសារទុកដើម្បីដោះដូរទាមទាររកផលប្រយោជន៍ពីប្រជាពលរដ្ឋ » ។
សូមបញ្ជាក់ផងដែរថា ការព្រមានរបស់លោកអភិបាលខេត្តខាងលើ ក្រោយការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម កៅ ចេស្តា បានលើកឡើងនូវព័ត៌មានទាក់ទិនទៅនឹងករណីខាងលើ ដែល លោកទទួលបានពីប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងស្រុកបាធាយ ៕