(ខេត្តស្វាយរៀង)៖សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយរឹបអូសបានជាង ១១គីឡូក្រាម ខណៈដែលជនសង្ស័យដឹងខ្លួន ក៏រត់គេចចូលក្នុងទឹកដីវៀតណាម ក្រោមការតាមស្រាវជ្រាវចាប់ខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់។
សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះថា ថ្នាំញៀនជាង១១គីឡូក្រាម ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅចំណុចចន្លោះបង្គោលលេខ១៦៩-១៧០ ស្ថិតក្នុងភូមិតាប៉ិប សង្កាត់បាវិត ក្រុងបាវិត ក្នុងបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន ចំណែកឯសង្ស័យដឹងខ្លួន បានរត់គេចខ្លួនចូលទៅក្នុងទឹកដីប្រទេសវៀតណាម។
ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត, កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនធ្លក វរសេនាតូចលេខ៦១១ សហការជាមួយកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ក្រោមការសម្របសម្រួលផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញា និងលោក ស៊ន មុន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន១ករណីនេះ និងរឹបអូសបានគ្រឿងញៀនជាង១១គីឡូក្រាម។
សមត្ថកិច្ចបានបន្តថា ជាលទ្ធផលសមត្ថកិច្ចបាន រឹបអូសវត្ថុតាងរួមមាន៖
*ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៨,៥០០.០៨គីឡូក្រាម
*ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ីទម្ងន់ ១,២៥៦.០៣kg
*ថ្នាំញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់ ១,០៣៦.០៨kg
*ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ៩៥៨.៣៦g
*សារធាតុសង្សយ័ជាថ្នាំញៀនដបទឹកពណ៌សចំនួន១០ដប
*កាបូបស្ពាយពណ៌ខ្មៅ (ដាក់ថ្នាំញៀន០២) ដោយសរុបសារធាតុញៀនចាប់យកទម្ងន់ ១១,៧៣៦.៨៥kg៕