ព័ត៌មានសន្តិសុខសង្គម

ស្ត្រីម្នាក់កំពុងអង្គុយហូបបបរនៅលេីបង់សួនច្បារមាត់ទន្លេ ត្រូវបានចោរលួចកាបូបយកទៅបាត់

(ភ្នំពេញ​)៖ ស្ត្រីម្នាក់យំលែងចេញ ខណៈកំពុងអង្គុយហូបបបរនៅលេីបង់សួនច្បារមាត់ទន្លេ ត្រូវជនសង្ស័យមកលួចកាបូបយកទៅបាត់ ដោយក្នុងនោះមានលុយប្រាក់ខែទេីបបេីក និងលុយគេផ្ញេីមួយចំនួនទៀត បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋទាំងយប់ និងជួយជូនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ផងដែរ​។

ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង០០និង៣០នាទីយប់រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ​ ឆ្នាំ២០២២នេះ នៅចំណុចមាត់ទន្លេ ទល់មុខកាហ្វេអាម៉ាហ៊្សូន (ជិត​ព្រះបរមរាជវាំង) ​ផ្លូវស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

បេីតាមសម្ដីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយេីងថា នៅមុនពេលកើតហេតុ​ រូបនាងជិះម៉ូតូមួយគ្រឿង ម៉ាក Suzuki Let’s ពណ៍ស ពាក់ស្លាកលេខកណ្ដាល 1Y-8700 ចេញពីធ្វេីការ និងបានមកអង្គុយជជែកគ្នាលេង នៅសួនច្បារមាត់ទន្លេកន្លែងកេីតហេតុខាងលេី ជាមួយបុរសស្ត្រី២នាក់ទៀតដែលជាអ្នករាប់អានគ្នា ខណៈពេលនោះរូបនាងបានទិញបបរមកហូប និងបានទុកកាបូបស្ពាយនៅក្បែរខ្លួន មួយសន្ទុះក្រោយមក ស្រាប់តែអ្នកលក់​ភេសជ្ជៈនៅក្បែរនោះស្រែកសួរគាត់ថា​ “មានបាត់សម្ភារៈអ្វីទេ ? គាត់ឃេីញបុរសម្នាក់ឈ្មោះ​ “ញាញ់” រត់កាត់មុខគាត់ ឆ្លងផ្លូវគេចខ្លួនបាត់ទៅហេីយ ដោយឃេីញមានទឹកមុខ​គួរឲ្យសង្ស័យ និងកាន់កាបូបស្ពាយ ពណ៌ខ្មៅ​នៅជាប់ដៃផងដែរ​“ ទេីបគាត់មកសួរនាំ។ លឺដូច្នេះទេីបរូបនាងដឹងថា កាបូបដែលទុកនៅក្បែរខ្លួននោះ​ ត្រូវបានជនមិនស្គាល់មុខមកលួចយកទៅបាត់ ដោយរូបនាងមិនបានដឹងខ្លួនបន្តិចសោះ ធ្វេីឲ្យរូបនាង​ស្រឡាំងកាំងយំលែងចេញ ព្រោះក្នុងកាបូបស្ពាយនោះ មានលុយទេីបបេីកប្រាក់ខែ និងលុយមួយចំនួនទៀតជារបស់អ្នកធ្វេីការជាមួយផ្ញេីរូបនាងទុកអោយសិន សរុបជិត៥០០ដុល្លារ​ និងខ្សែចង្កេះ១ខ្សែ ធ្វេីពីប្រាក់តម្លៃជាង១០០ដុល្លារ​ រួមទាំងកាតចាក់វ៉ាក់សាំង​។

ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ បន្ទាប់ពីកេីតមានជនសង្ស័យលួចកាបូបនោះរត់គេចខ្លួនបាត់មួយសន្ទុះក្រោយមក​ បង្កការភ្ញាក់ផ្អើលដឹងដល់បងប្អូនក្រុមអ្នកសារព័ត៌មានពេលយប់ ចុះមកយកព័ត៌មានកន្លែងកេីតហេតុ​ រួចសួរនាំដំណេីររឿងហេតុ​ ធ្វេីការផ្សព្វផ្សាយរួចជួយជូនស្ត្រីរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះផងដែរ​ ដេីម្បីឲ្យសមត្ថកិច្ចធ្វេីការ​ស្រាវជ្រាវ​កំណត់មុខសញ្ញា​ជនសង្ស័យ​តាមជំនាញផងដែរ​ ។ លុះវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រ​ ឈានចូលថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ​ ឆ្នាំ២០២២នេះ ស្រាប់តែមានប្រជាពលរដ្ឋដែលស្គាល់ជនសង្ស័យឈ្មោះ​ ញាញ់នោះ បានផ្ដល់ដំណឹងមក​ក្រុមអ្នកសារព័ត៌មានយេីងថា​ ប្រទះឃេីញ​បុរសម្នាក់ឈ្មោះ​ ញាញ់​ កំពុងដេីរតាមផ្លូវទាំងប្រញាប់ប្រញាល់ នៅតាមបណ្ដោយផ្លូវលេខ១៥ ក្នុងសង្កាត់ផ្សារកណ្ដាលទី១​ ខណ្ឌដូនពេញ​ ទេីបក្រុមអ្នកសារព័ត៌មាន នាំគ្នាជិះទៅរក​ ក៏ប្រទះឃេីញហេីយឃាត់សួរនាំសិន​ ជនសង្ស័យឈ្មោះ​ ញាញ់​ បានឆ្លេីយសារភាពថា​ ខ្លួនពិតជាបានធ្វេីសកម្មភាពលួចយកកាបូបស្ពាយពណ៍ខ្មៅ​ របស់ស្ត្រីរងគ្រោះពិតប្រាកដមែន​ នៅពេលលួចបាន​រូបគេឆែកឃេីញមាន លុយដុល្លារ​២០០$ និងលុយខ្មែរជាង១០ម៉ឺនរៀលប៉ុណ្ណោះ​ រូបគេបានយកលុយទៅដាក់ចូល Account នៅណេតមួយកន្លែង ដេីម្បីលេងល្បែងភ្នាល់តាមអនឡាញ ក្រែងបានស្រង់ដេីមបានខ្លះ តែបែរជាមិនដូចការគិត​ ចាក់ភ្នាល់មិនដែលត្រូវ ចាញ់អស់លុយរលីងហេីយ​។ ចំណែកឯខ្សែចង្កេះធ្វេីពីប្រាក់នោះ​ អ្នកស្គាល់គ្នាសុំយកទៅបាត់ហេីយ​។

ជនសង្ស័យ​មានឈ្មោះ​ ចាន់​ ញាញ់ ភេទប្រុស​ អាយុ៣០ឆ្នាំជាង ជនជាតិ​ខ្មែរ មុខរបរនិងទីលំនៅ មិនពិតប្រាកដ(ដេកលើសួនមាត់ទន្លេ)។

បច្ចុប្បន្នក្រោយពេលក្រុមអ្នកសារព័ត៌មាន​ពេលយប់ ជួយឃាត់ខ្លួនជនសង្ស័យរូបនេះរួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ​ ធ្វេីការសាកសួរ​ និងចាត់ការបន្តតាមនីតិវិធី​ ។

សូមបញ្ជាក់ថា​ កន្លងមក​ ជនអនាថា​ភាគច្រើន​ដែលជា​ជន​ហិតកាវ ​ញៀន​ថ្នាំ បាត់បង់សតិ តែងតែ​បង្ក​នូវ​បាតុភាព​អនាធិបតេយ្យ​ អុកឡុក​ លួច​ឆក់ ​និង​វាយ​កំហែង​យក​ទ្រព្យសម្បត្តិ​ពលរដ្ឋ ភ្ញៀវ​ទេសចរ​ដែល​មក​លម្ហែ​​ និង​ហាត់​ប្រាណ​តាមសួនច្បារមាត់ទន្លេនោះថែម​ទៀត​ផង ប្រជាពលរដ្ឋក៏បានសូមណូមពរដល់សមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ មេត្តាជួយល្បាតតាមសួនមាត់ទន្លេឲ្យបានញឹកញ៉ាប់ផង​ ដេីម្បីការពារសន្តិសុខ​ សណ្ដាប់ធ្នាប់​ជូនពួកគាត់ កុំឲ្យជួបប្រទះមានការព្រួយបារម្ភដូចករណីខាងលេីនេះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *