ព័ត៌មានជាតិ

ស្ត្រីមេម៉ាយទុរគតម្នាក់ រស់នៅភូមិជីហែ ស្រុកកោះសូទិន ទទួលបានអំណោយផ្ទះមនុស្សធម៌ទី១ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

ខេត្ដកំពង់ចាម៖ នៅព្រឹកថ្ងៃសៅរ៍ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា អមដំណើរដោយ វត្តមាន ព្រះនាគមុនី មេគណខេត្ត ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា រួមនឹងមន្ត្រីសង្ឃនៃសាលាគណខេត្ត និងអនុសាខាស្រុក បានអញ្ជើញចុះប្រគល់ផ្ទះលើកដំបូងទី១ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត និង សាលាគណខេត្ត ជូន ស្ត្រីមេម៉ាយទុរគត ម្នាក់ ឈ្មោះ ខឹម ណារី អាយុ ៧២ឆ្នាំ រស់នៅ ភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ។

គួររំលឹកថា លោកស្រី ខឹម ណារី ជាអតីតមន្ត្រីកិច្ចការនារីស្រុកកោះសូទិន តាំងពីឆ្នាំ១៩៧៩ ហើយបានលាឈប់ពីការងារ ក្នុងឆ្នាំ ១៩៨៦ ។ គាត់មានកូនប្រុស ស្រី ៣នាក់ តែមានគ្រួសារ បែកទៅរស់នៅកន្លែងទីទៃ ទុកអោយគាត់រស់នៅ ម្នាក់ឯង គ្មានទីពំនាក់ ក្នុងកូនខ្ទមទ្រុឌទ្រោមដ៏តូចចង្អៀត ។ ក្រៅពីប្រាក់ឧបត្ថម្ភរបស់រដ្ឋ ដែលផ្តល់តាមរយៈ ប័ណ្ណ ក្រ ២ , គាត់ដើរកោសខ្យល់ បានកម្រៃក្នុង ១ថ្ងៃ ត្រឹមតែ ១,០០០ ទៅ ២,០០០ រៀល ហើយការរស់នៅ ពឹងផ្អែកតែលើអំពើសប្បុរស របស់អ្នកជិតខាងប៉ុណ្ណោះ ។

មើលឃើញពីស្ថានភាពលំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះខ្ពស់ពីដី (ទំហំ៤ម×៦ម) ១ខ្នង ជូនគាត់ សម្រាប់ស្នាក់នៅ ដែលការសាងសង់នេះ ដំណើរការត្រឹមតែ ២ថ្ងៃ ប៉ុណ្ណោះ ដោយសារ ជាងមានបទពិសោធន៍ និងបានប្រុងគ្រោងឈើ ទុកជាមុន រួចស្រេច។

លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា និងជាប្រធានក្រុមការងារប្រតិបត្តិនិងវាយតម្លៃនៃកម្មវិធីផ្តល់ផ្ទះមនុស្សធម៌ខេត្ត បានអោយដឹងថា សម្រាប់ផ្ទះមនុស្សធម៌ ១ខ្នង ត្រូវ ចំណាយទឹកប្រាក់ចំនួន ៩,៨០០,០០០ រៀល ក្នុងនេះ សាខា បដិភាគចំនួន ១,០០០,០០០រៀល , ព្រះមេគណខេត្ត ចំនួន ១,០០០,០០០ រៀល , ក្រៅពីនោះ ជាការចូលរួមបំពេញបន្ថែម របស់សប្បុរសជន និងក្រុមការងារចលនាកៀរគរ និងគ្រប់គ្រងមូលនិធិនៃកម្មវិធី ។

ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់អ្នកចូលរួមនិងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នការពារខ្លួនអោយបានទ្វេដង ក្នុងការចូលរួមទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ១៩ ទាំងអស់គ្នា ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ត្រូវតែយកចិត្តទុកដាក់អនុវត្ត អោយបានខ្ជាប់ខ្ជួន នូវ វិធានការ ” ៣ការពារ ៣កុំ និង ២ចូលរួម ” និង ការណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បីជៀសអោយផុតពីការឆ្លងរាលដាលនៃជម្ងឺដ៏កាចសាហាវ កូវីដ១៩ នេះ ក្នុងស្ថានភាពដែលវីរុសបម្លែងថ្មី កំពុងចរាចរ វាយលុកយ៉ាងសកម្ម បង្កអោយមានការព្រួយបារម្ភយ៉ាងខ្លាំង នៅបណ្តា ខេត្តមួយចំនួន ។

អំណោយមនុស្សធម៌ ដែលផ្តល់ជូនអ្នកស្រី ខឹម ណារី សម្រាប់ការឡើងផ្ទះថ្មីនេះ រួមមាន អង្ករ ៧៥គក្រ, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប, ទឹកស៊ីអ៊ីវ ៦ដប, មី ១កេស, ឃីត ១, អាវយឺត ២, សម្ភារដំណេក, សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល ។

ដោយឡែក ពលរដ្ឋខ្វះខាតជីវភាព ចំនួន ១៣គ្រួសារ ទៀត ដែលបានចូលរួមនាពេលនោះ ក៏ទទួលបានអំណោយមនុស្សធម៌ ក្នុង ១គ្រួសារ មាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *