(ខេត្ដកណ្ដាល)៖ មហាជនស្ងើចសរសើរ មិនដាច់ពីមាត់ថា ចូលធ្វើជាមន្ត្រីនគរបាល មិនទាន់បានប៉ុន្មានឆ្នាំផង មានតួនាទីជា អនុប៉ុស្តិ៍ព្រែកឬស្សី នៃអធិការដ្ឋានគរបាលក្រុងតាខ្មៅ ស្រាប់តែបែកធ្លាយ ព័ត៌មានថា បានរត់ការផ្លោះឡើង ជាអធិការរងក្រុងតាខ្មៅ បានសម្រេចទៀត។
ប្រភពព័ត៌មានបានឲ្យដឹងថា លោកអនុសេនីយ៍ឯក ដន សុខរិទ្ធ អត្តលេខ ៧៨១៩៣ ជាមន្ត្រីនគរបាលជើងថ្មី ទើបចូលបម្រើការងារមិនទាន់បានប៉ុន្មានឆ្នាំផង ហើយត្រូវបានតម្លើងជាអនុប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សី ស្រាប់តែថ្មីៗនេះ ត្រូវបានតែងតាំងជាអធិការរងនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល តាមប្រកាសក្រសួងមហាផ្ទៃ លេខ១៧៧៥ ប្រក ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ទៀត។
ប្រភពដដែលបន្តថា លោកអធិការរង ទើបទទួលបានប្រកាសថ្មីរូបនេះ ក្រោយពីទទួលបានប្រកាសភ្លាមក៏បានបបួលមិត្តភ័ក្តិ បនភឿនបក្ខពួក និងមន្ត្រីនគរបាលផ្សេងៗទៀត បង្កើតកម្មវិធីជួបជុំ ជប់លៀង ផឹកស៊ីផ្គើននឹងសេចក្ដីណែនាំ របស់រដ្ឋបាលខេត្ត និងតាមមាត្រា១០ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ សំណាងមិនល្អ បានឆ្លងកូវីដ-១៩ បច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមណ្ឌលចត្តាឡីស័ក សាលាគរុកោសល្យវិក្រឹតការខេត្តកណ្ដាល។
មតិមហាជន ដាក់ចម្ងល់ថា តើលោកអនុសេនីយ៍ឯក ដន សុខរិទ្ធ ឡើងជាអធិការរង ដោយរបៀបណាទៅ បើប្រធានអង្គភាពនៅមូលដ្ឋាន ពុំដែលបានដាក់ពាក្យស្នើសុំឲ្យឡើងជាអធិការរងផងនោះ ឬមួយរាល់ការតែងតាំង ជាអធិការរង គេទម្លាក់ពីលើមេឃមកយ៉ាងដូច្នេះ ដោយមិនចាំបាច់ប្រធានអង្គភាពនៅមូលដ្ឋានដាក់សំណើទេ ឬយ៉ាងណា?។
ខាងក្រោមនេះជាប្រកាសរបស់ក្រសួងមហាផ្ទៃដែលបណ្ដាញព័ត៌មានយើង ទើបទទួលនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ៖