ខេត្តព្រៃវែង៖ យុវតីម្នាក់ បានរងរបួសធ្ងន់(បាក់ភ្លៅខាងស្ដាំ) និងមនុស្សប្រុស-ស្រី ២នាក់ទៀត រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ជិះបញ្ច្រាសទិសគ្នា នៅវេលាម៉ោង ៨ និង ១០នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នេះ នៅចំណុចផ្លូវក្រាលកៅស៊ូស្ថិតក្នុងភូមិក្រសាំងកន្ត្រៃ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ត្រូវបាននគរបាលខេត្តព្រៃវែង ចុះអន្តរាគមន៍ភ្លាមៗ ដល់កន្លែងកើតហេតុ និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
សមត្ថកិច្ចបានឲ្យដឹងថា យុវតីខាងលើ ឈ្មោះ ឡេត សុលា ភេទស្រី អាយុ ១៤ឆ្នាំ រស់នៅភូមិចារ ឃុំព្រៃរំដួល ស្រុកមេសាង ខេត្តព្រៃវែង បើកម៉ូតូម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ព្រៃវែង 1Q.8849 ឌុបគ្នាម្នាក់ពីក្រោយ ឈ្មោះ ពៅ ស្រីនាង ភេទស្រី អាយុ ១៤ឆ្នាំ នៅភូមិត្រពាំងស្គន់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង បើកពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ បានបុកជាមួយម៉ូតូ ០១គ្រឿងដែលជិះបញ្ច្រាសទិសគ្នា ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ ព្រៃវែង 1U.6641 បើកដោយឈ្មោះ យឿង សំណាង ភេទប្រុស អាយុ ៤២ឆ្នាំ មានឌុបកូនស្រីម្នាក់ពីក្រោយឈ្មោះ សំណាង ស្រីណុន ភេទស្រី អាយុ ១២ ឆ្នាំ ទាំង ០២នាក់ រស់នៅភូមិក្រសាំងកន្ទ្រៃ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង បណ្តាលឱ្យឈ្មោះ ឡេត សុលា រងរបួសធ្ងន់ (បាក់ភ្លៅខាងស្តាំ) និងឈ្មោះ ពៅ ស្រីនាង និងឈ្មោះ យឿង សំណាង រងរបួសស្រាល ។
សមត្ថកិច្ចបានបន្តថា ក្រោយកើតហេតុភ្លាម កម្លាំងនគរបាលខេត្តព្រៃវែង បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងហៅរថយន្តសង្គ្រោះ នៃមន្ទីរពេទ្យបង្អែកស្រុកមេសាង យកទៅសង្គ្រោះព្យាបាល ។ រីឯយុវតីឈ្មោះ ឡេត សុលា ដែលរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ។
បច្ចុប្បន្ន អ្នករងរបួសស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមេសាង ដោយឡែកយុវតីម្នាក់ដែលរងរបួសធ្ងន់ ត្រូវបានយកទៅសង្គ្រោះនៅរាជធានីភ្នំពេញបន្ត ។ រីឯវត្ថុតាង ម៉ូតូទាំង ២គ្រឿង នគរបាលយើង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេសាង ដើម្បីដោះស្រាយបន្តតាមនីតិវិធី ៕