ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបពិភាក្សាការងារ

(ភ្នំពេញ)៖  នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបពិភាក្សាការងារ។ ជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌មួយចំនួនទៀតផងដែរ។

នៅក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមរដ្ឋមន្ត្រី និងលោក Vitit Muntarbhorn បានពិភាក្សា និងផ្លាស់ប្តូរព័ត៌មានគ្នាប្រកបដោយភាពស្និទ្ធស្នាល និងក្នុងន័យស្ថាបនាលើចំណុចសំខាន់ៗ ចំនួន ៣ រួមមាន៖

(១)-អំពីការអនុវត្តអនុសាសន៍នៃសេចក្តីសង្កេតចុងក្រោយរបស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ៖ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងយុត្តិធម៌ តែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តស្របតាមអនុសាសន៍នានា ប៉ុន្តែ បច្ចុប្បន្ន អនុសាសន៍នៃសេចក្តីសង្កេតចុងក្រោយរបស់គណៈកម្មាធិការសិទ្ធិកុមារនេះ កំពុងត្រូវបានត្រួតពិនិត្យដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាជាតិដើម្បីកុមារ ហើយក្រសួងយុត្តិធម៌នឹងចូលរួមពិនិត្យ និងអនុវត្តអនុសាសន៍ទាំងឡាយណាពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ក្រោយពីទទួលបាននូវអនុសាសន៍ទាំងនោះ។

(២)-អំពីភាពចង្អៀតណែនក្នុងពន្ធនាគារ៖ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ត្រូវចាប់ផ្តើមចេញពីការរកឱ្យឃើញនូវឫសគល់ពិតប្រាកដនៃបញ្ហា ហើយត្រូវតែដោះស្រាយដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ កន្លងទៅនេះ ក្រសួងយុត្តិធម៌ បានខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហានេះ ដោយបានដាក់ចេញនូវ “យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធានី-ខេត្ត” ដែលជាមូលដ្ឋានមួយដ៏សំខាន់ ក្នុងការរួមចំណែកដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ។

(៣)-អំពីការបង្កើតឱ្យមានតុលាការអនីតិជន៖ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាពិតជាមានឆន្ទៈក្នុងការបង្កើតឱ្យមានតុលាការជំនាញក្នុងការដោះស្រាយសំណុំរឿងពាក់ព័ន្ធនឹងវិស័យនានា ដូចជា តុលាការរដ្ឋប្បវេណី, តុលាការព្រហ្មទណ្ឌ, តុលាការការងារ, តុលាការពាណិជ្ជកម្ម និងតុលាការអនីតិជន ប៉ុន្តែ បច្ចុប្បន្ន ធនធានមនុស្សនៅកម្ពុជា ជាពិសេស ចំនួនចៅក្រម និងព្រះរាជអាជ្ញា នៅមិនទាន់ឆ្លើយតបនឹងទំហំការងារនៅឡើយ ហេតុនេះ កម្ពុជាត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបង្កើតឱ្យមានតុលាការជំនាញទាំងនេះ។

ឆ្លៀតក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសរំលេចផងដែរថាកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែង និងព្យាយាមដោះស្រាយបញ្ហាប្រឈមជាជំហ៊ានៗ ផ្អែកលើលទ្ធភាព ធនធាន និងតថភាពជាក់ស្តែងរបស់សង្គមកម្ពុជា។

ជាចុងបញ្ចប់, ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើការងារជាច្រើនក្នុងកិច្ចការពារនិងលើកស្ទួយសិទ្ធិមនុស្ស ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល និងបានស្នើសុំឱ្យ លោក Vitit Muntarbhorn រៀបចំរបាយការណ៍ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានេះ ឱ្យមានតុល្យភាព យុត្តិធម៌ និងត្រឹមត្រូវ ព្រមទាំងឆ្លុះបញ្ចាំងផងដែរអំពីស្ថានភាពជាក់ស្តែងរបស់កម្ពុជា ក៏ដូចជា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាការលើកទឹកចិត្តដល់អ្នកដែលបានប្រឹងប្រែង និងបានសំណូមពរផងដែរឱ្យលោក Vitit Muntarbhorn ជួយក្នុងការសម្របសម្រួលជាមួយភាគី និងដៃគូពាក់ព័ន្ធ ដើម្បីបន្តផ្តល់ការគាំទ្រ និងកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *