ខេត្តកែប៖ នគរបាលខេត្តកែបនៅព្រឹកនេះ បានបញ្ជូនជនសង្ស័យពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនាលើអ្នកដទៃម្នាក់ដែលជាប្អូនថ្លៃស្រី ទៅអយ្យការអមសាលាដំបូងខេត្តកែប ដើម្បីចាត់ការតាមផ្លូវច្បាប់។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំនីតិវិធីពី លោក ខាន់ សុផល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែប និងការណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងនគរបាល នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជូនជនសង្ស័យឈ្មោះ នូ ឡុង ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរក្រសារសង្កាត់អូរក្រសារ ក្រុងកែប ទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្ត ពាក់ព័ន្ធនឹងករណីយកឈើជ្រុងទៅវាយក្បាលស្ត្រីជាប្អូនថ្លៃបណ្តាលឱ្យរងរបួសជាទម្ងន់។
ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨ និង២០នាទី ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុង/ខេត្តកែប ដែលបង្កឡើងដោយជនសង្ស័យខាងលើបានយកដំបងជ្រុងទៅវាយក្បាលជនរងគ្រោះ(ជាប្អូនថ្លៃ)ឈ្មោះ វង្ស សុខឿន ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិសង្កាត់កើតហេតុខាងលើ បណ្ដាលឲ្យរងរបួសធ្ងន់។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកែប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕