(ខេត្តបាត់ដំបង)៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាប្លន់ប្រដាប់អាវុធ ហើយបានព្យាយាមគេចខ្លួន អស់រយ:ពេល ១៤ ឆ្នាំ ត្រូវបានតុលាការចេញដីកា បង្គាប់អោយចាប់ខ្លួនយកមកផ្តន្ទាទោស ខណ:ដែលមុខសញ្ញារូបនេះ បានបង្ហាញខ្លួននៅលើទឹកដីនៃស្រុកកំណើត។
ការអនុវត្តដីកា ចាប់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ វេវេលាម៉ោង៣ និង៤០នាទី រសៀល នៅចំណុចក្រុមទី៣ ភូមិរុន ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ផងដែរ។
ក្នុងខណៈពេលដែលមុខសញ្ញាបានបង្ហាញខ្លួន គឺលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារ អនុវត្តដីកាឱ្យចាប់ខ្លួនលេខ៤១៤ច ប.ខ ចុះថ្ងៃទី០៤ ឧសភាឆ្នាំ ២០០៧របស់លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់អោយចាប់ខ្លួនឈ្មោះ ពៅ កុសល់ ភេទប្រុស បច្ចប្បន្នអាយុ៤៣ឆ្នាំ ទីលំនៅមុនចាប់ខ្លួន ភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ចោទពីបទប្លន់ ប្រព្រឹត្តនៅភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី៣ ឧសភា ២០០៧ កន្លងទៅ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្ត តាមនីតិវិធី៕