(ខេត្ដព្រះវិហារ) ៖ កម្លាំងនគរបាលខេត្តព្រះវិហារ បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនក្មេងទំនើង២នាក់ ដែលកាន់ដាវថតបង្ហោះតាមបណ្តាញសង្គមហ្វេកប៊ុក
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត។
មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានថ្លែងថា បន្ទាប់ពីក្មេងប្រុសទាំង២នាក់នេះ បានបង្ហោះរូបភាព កាន់ដាវតាមបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក លើអាខោនឈ្មោះ «ក្មេងព្រះវិហារ ញៀនម៉ាត» កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ និងមានការស៊ែរចែករំលែកតគ្នា លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានណែនាំឲ្យកម្លាំងនគរបាលជំនាញ ស្រាវជ្រាវចាប់ខ្លួនក្មេងទាំង២នេះឲ្យបាន។
ដោយអនុវត្តន៍តាមបទបញ្ជា និងការណែនាំ ពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត និងប៉ុស្តិ៍នគរបាលរដ្ឋបាលយាង បានចុះធ្វើការឃាត់ខ្លួនក្មេងទំនើងទាំង២នាក់នេះ និងដកហូតដាវចំនួន២ដើមនិងនាំមកកាន់អធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត។
ក្មេងទំនើងទាំង២នាក់ ឈ្មោះ ឡន ឡោ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ និងឈ្មោះរ៉ន រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត។
បន្ទាប់ពីឃាត់ខ្លួនក្មេងទំនើងបានហើយ សមត្ថកិច្ចបានកោះហៅអនាព្យាបាល មកធានាត្រឹមត្រូវ និងធ្វើកិច្ចសន្យាច្បាស់លាស់ និងបានអប់រំណែនាំ និងអនុញ្ញាតឲ្យក្មេងទំនើងទាំង២នេះ វិលត្រឡប់ទៅផ្ទះវិញ ជាមួយការកោសក់ក្បាល ជាការព្រមាន៕