ព័ត៌មានសន្តិសុខសង្គម

បុរសល្មោកកាមម្នាក់ ដែលគេស្គាល់ថា ជាអ្នកគ្រប់គ្រងទូទៅ នៅខារ៉ាអូខេ(DM) បានចាប់រំលោភក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ជាបុគ្គលិកបានសម្រេច..!

(ភ្នំពេញ)៖ នៅ យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីបុរស ល្មោកកាមម្នាក់ ដែលគេស្គាល់ថាជាអ្នកគ្រប់គ្រងទូទៅនៅខារ៉ាអូខេ(DM)បានចាប់រំលោភក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ជាបុគ្គលិកបានសម្រេច ហើយគំរាមមិនឱ្យប្រាប់ម្ដាយ បើហ៊ានប្រាប់នឹងបញ្ឈប់ពីការងារទាំងកូនទាំងម្តាយ។

ករណីចាប់រំលោភបានសម្រេចនេះ កើតឡើងតាំងពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២ នៅចំណុចខារ៉ាអូខេ( DM) តាមបណ្តោយផ្លូវលេខ២១៥ កែងនឹងផ្លូវលេខ១១៨ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ អ៊ូ ហុង ភេទប្រុស អាយុជាង៦០ឆ្នាំ មុខរបរអ្នកគ្រប់គ្រងទូទៅនៅខារ៉ាអូខេកើតហេតុនេះ។ ចំណែកក្មេងស្រីរងគ្រោះ អាយុ ១៥ឆ្នាំ ជាបុគ្គលិកផ្នែករត់តុនៅខារ៉ាអូខេនេះ ស្នាក់នៅម្ដុំបុរីកីឡា ក្នុងខណ្ឌ៧មករា និងមានស្រុកកំណើតនៅឯស្រុកស្រែអំបិល ខេត្តកោះកុង។
មុនកើតហេតុ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រមាណជា២ រសៀល រូបនាងបានមកធ្វើការប្រចាំការវេនថ្ងៃ ហើយពេលមកដល់ហាងខារ៉ាអូខេក៏ឃើញជនសង្ស័យឈ្មោះអ៊ូ ហុង ដែលជាអ្នកគ្រប់គ្រងទូទៅនៅក្នុងខារ៉ាអូនេះ។ ខណៈនោះជនសង្ស័យមិនបានសួរនាំអីដល់នាងទេ គឺបានស្ទុះមកឱបហើយចាប់រំលោភនាងទាំងកំរោលរហូតបានសម្រេចតែម្តង ហើយជនសង្ស័យបានគំរាមថា បើរូបនាងហ៊ានប្រាប់ដល់ម្ដាយគេនឹងបញ្ឈប់ពីការងារទាំងពីរនាក់ ម្តាយកូន ពេលឮដូច្នេះរូបនាងមិនហ៊ានប្រាប់ម្តាយទេ ខ្លាចអត់ការងារធ្វើទាំងពីរនាក់។
ម្ដាយជនរងគ្រោះបានប្រាប់ឱ្យដឹងថា លុះរំលងបានមួយថ្ងៃ រូបគាត់ជាម្ដាយមានការសង្ស័យក៏បានសួរនាំទៅកូនស្រីរបស់គាត់ ព្រោះឃើញនាងយំផងនិងមានសភាពខុសពីធម្មតា។ ពេលគាត់ជជីកសួរទៅ កូនស្រីបានប្រាប់ថា អ្នកគ្រប់គ្រងនៅខារ៉ាអូខេនេះ ចាប់រំលោភនាងបានសម្រេចហើយគំរាមមិនឱ្យប្រាប់ម្តាយនោះទេ បើប្រាប់គេនឹងបញ្ឈប់ពីការងារទាំងពីរនាក់។ ក្រោយមករូបគាត់ជាម្តាយបាននាំកូនស្រីទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ៣ ដើម្បីឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍។ លុះមកដល់ព្រលប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ដោយមិនឃើញសមត្ថកិច្ចមានចំណាត់ការអ្វីទៅលើជនសង្ស័យនោះ រូបគាត់ជាម្ដាយបានដឹកដៃកូនមកហាងខារ៉ាអូខេកើតហេតុខាងលើឱ្យជនសង្ស័យចេញមុខមកធ្វើការដោះស្រាយគ្នា តែជនសង្ស័យនោះមិនព្រមចេញមុខដោះស្រាយទេ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនអ្នកសារព័ត៌មានជាច្រើនស្ថាប័ន ចុះទៅធ្វើការផ្សាយផ្ទាល់នៅកន្លែងកើតហេតុភ្លាមៗ ចំណែកជនសង្ស័យឃើញសភាពការណ៍មិនស្រួលក៏បានទាញម៉ូតូឡើងជិះចេញពីហាងខារ៉ាអូខេគេចខ្លួនបាត់ស្រមោលទៅ។ ចំណែកម្ដាយនិងកូនស្រីជាជនរងគ្រោះ បានសំណូមពរចំពោះសមត្ថកិច្ចមេត្តាជួយស្រាវជ្រាវរកជនសង្ស័យដើម្បីចាប់យកមកផ្ដន្ទាទោសទៅតាមច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *