ព័ត៌មានជាតិ

ពិធីប្រកាសឯកឧត្តម គួច ចំរើន ចូលកាន់មុខតំណែងអភិបាលខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

(ខេត្តកណ្ដាល)៖ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកណ្ដាល។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តមសន្តិបណ្ឌិតរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួង ស្ថាប័នពាក់ព័ន្ធ និងឯកឧត្តម លោកជំទាវ ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានអង្គភាពចំណុះរដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្រ្តីរាជការជាច្រើន។