ព័ត៌មានសន្តិសុខសង្គម

នគរបាលស្រុកឯកភ្នំ ឃាត់ខ្លួនជនសង្ស័យជាមេបនល្បែងស៊ីសងម្នាក់ករណីហិង្សាវាយគេបែកក្បាល

(បាត់ដំបង)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការរដ្ឋាននគរបាលស្រុកឯកភ្នំ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើហិង្សាវាយអ្នកជិតខាងឲ្យរងរបួសពេញខ្លួន និងបែកក្បាល២ថ្នេរ។ នេះបើយោងតាមប្រភពពីសមត្ថកិច្ចស្រុកឯកភ្នំ។ ប្រភពបន្តថា ជនសង្ស័យមានឈ្មោះ គុំ ប៉ិច ភេទប្រុស រស់នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន ស្រុកឯកភ្នំ ខេត្តបាតដំបង ជាមេបនល្បែងស៊ីសងប្រចាំភូមិផងដែរ។ ចំណែកជនរងគ្រោះ មានឈ្មោះ សុង រត់ ភេទប្រុស រស់នៅក្នុងភូមិជាមួយជនបង្ករ។ សមត្ថកិច្ច បញ្ជាក់ថា ហេតុការណ៍ហិង្សាខាងលើនេះ បានកើតហេតុកាលពីល្ងាចថ្ងៃទី២៦ ខែមិនា ឆ្នាំ ២០២៤ ដោយផ្ដើមចេញពីជម្លោះពាក្យសម្ដី រវាងជនរងគ្រោះ និងជនសង្ស័យ។ នៅមុនពេលកើតហេតុ ជនសង្ស័យបានសុំតចរន្តអគ្គិសនីពីផ្ទះរបស់ជនរងគ្រោះទៅចាក់ធុងបាស់ច្រៀងលេងនៅផ្ទះរបស់ខ្លួន ដោយសារតែជនបង្ករបើកសម្លេងលឺៗរំខានដល់ផ្ទះជនរងគ្រោះ និងអ្នកភូមិជិតខាង ទើបជនរងគ្រោះហាមជនសង្ស័យកុំឲ្យបើកលឺៗពេក។ ជនរងគ្រោះប្រាប់ច្រើនដង តែជនសង្ស័យនៅតែមិនព្រមស្ដាប់ ទើបជនរងគ្រោះដើរទៅដាក់ឌុយចរន្តអគ្គិសនីចោលតែម្ដង ទើងជនសង្ស័យខឹងសម្បារ និងបានរើសដុំឥដ្ឋ វាងជនរងគ្រោះពីខាងក្រោយបណ្ដាលឲ្យបែកក្បាល២ថ្នេរ ជាំដៃ និងជាំក្រោយខ្នងជាច្រើនកន្លែង។ ក្រោយកើតហេតុភ្លាមៗ ជនសង្ស័យបានប្រកាស ឲ្យជនរងគ្រោះទៅប្ដឹងដល់ណាប្ដឹងទៅគ្មានអ្នកណាហ៊ានប៉ះជនសង្ស័យទេព្រោះនគរបាលប៉ុស្តិ៍សុទ្ធតែជាគ្នារបស់ជនសង្ស័យទាំងអស់។ នៅពេលជនរងគ្រោះទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំព្រែកនរិន គឺនគរបាលប៉ុស្តិ៍មិនព្រមទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះ ដូចជាសម្ដីអះអាងរបស់ជនសង្ស័យមែន។ […]