ព័ត៌មានសន្តិសុខសង្គម

ជើងមាន់ជាង១០២តោនដែលនាំចូលខុសច្បាប់ ត្រូវបានដុតកម្ទេចចោល

ខេត្ដស្វាយរៀង៖ ជើងមាន់ដែលឈ្មួញលួចនាំចូលដោយគ្មានច្បាប់ចំនួន៤កុងតឺន័រ ស្មើនឹង១០២.៦តោន ដែលត្រូវសមត្ថកិច្ចជំនាញបង្ក្រាបបាន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ត្រូវដុតកម្ទេចចោលនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ យោងតាមមន្ត្រីជំនាញបានបញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មានយើង ថានៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ក្រុមការងារចម្រុះបានចុះត្រួតពិនិត្យទៅលើទំនិញទាំង៤កុងតឺន័រ ដែលផ្ទុកជើងមាន់នេះ ដោយពិនិត្យឃើញថា ពុំមានឯកសារគ្រប់គ្រាន់ទើបបាននាំទំនិញទាំងនេះយកមកទីលានចាក់សំរាម ដើម្បីដុតកម្ទេចចោលនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា យោងតាមរបាយការណ៍ពីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខា ក.ប.ប ខេត្តស្វាយរៀង បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែមករា វេលាម៉ោង២១៖២០នាទី មន្ត្រីសាខា ក.ប.ប ខេត្តស្វាយរៀង សហការជាមួយកម្លាំងអាវុធហត្ថ ក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានឃាត់កុងទីន័រចំនួន៤គ្រឿង ដើម្បីត្រួតពិនិត្យនៅចំណុចភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ក្រោយការត្រួតពិនិត្យបានរកឃើញថា រថយន្តកុងតឺន័រទាំង៤គ្រឿងនេះផ្ទុកជើងមាន់។ តាមការអះអាងរបស់អ្នកបើកបរបញ្ជាក់ថា ទំនិញទាំងអស់នេះគឺបាននាំចូលពីប្រទេសវៀតណាម ហើយផ្ទេរទូរកុងតឺន័រនៅចំណុចសូន្យចូលមកកម្ពុជាតាមមាត់ច្រកអន្តរជាតិបាវិត ហើយដឹកទៅច្រកដូង នៅស្រុករមាសហែក រួចនាំចូលទៅវៀតណាមវិញ។ […]