ព័ត៌មានជាតិ

ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ប្រកាសមុខតំណែងផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ

ព្រៃវែង៖ នៅព្រឹកថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង លោកឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំខែមករា និងទិសដៅខែកុម្ភៈ ឆ្នាំ២០២៤ និង ប្រកាសមុខតំណែង ផ្ទេរភារកិច្ច បំពាក់ឋានន្តរសក្តិជូនយោធិន នៃកងរាជអាវុធហត្ថខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង.ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន នៃកងរាជអាវុធហត្ថ ដែលមានការពាក់ព័ន្ធ។

ព័ត៌មានសន្តិសុខសង្គម

ជើងមាន់ជាង១០២តោនដែលនាំចូលខុសច្បាប់ ត្រូវបានដុតកម្ទេចចោល

ខេត្ដស្វាយរៀង៖ ជើងមាន់ដែលឈ្មួញលួចនាំចូលដោយគ្មានច្បាប់ចំនួន៤កុងតឺន័រ ស្មើនឹង១០២.៦តោន ដែលត្រូវសមត្ថកិច្ចជំនាញបង្ក្រាបបាន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ត្រូវដុតកម្ទេចចោលនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ យោងតាមមន្ត្រីជំនាញបានបញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មានយើង ថានៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ក្រុមការងារចម្រុះបានចុះត្រួតពិនិត្យទៅលើទំនិញទាំង៤កុងតឺន័រ ដែលផ្ទុកជើងមាន់នេះ ដោយពិនិត្យឃើញថា ពុំមានឯកសារគ្រប់គ្រាន់ទើបបាននាំទំនិញទាំងនេះយកមកទីលានចាក់សំរាម ដើម្បីដុតកម្ទេចចោលនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា យោងតាមរបាយការណ៍ពីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខា ក.ប.ប ខេត្តស្វាយរៀង បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែមករា វេលាម៉ោង២១៖២០នាទី មន្ត្រីសាខា ក.ប.ប ខេត្តស្វាយរៀង សហការជាមួយកម្លាំងអាវុធហត្ថ ក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានឃាត់កុងទីន័រចំនួន៤គ្រឿង ដើម្បីត្រួតពិនិត្យនៅចំណុចភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ក្រោយការត្រួតពិនិត្យបានរកឃើញថា រថយន្តកុងតឺន័រទាំង៤គ្រឿងនេះផ្ទុកជើងមាន់។ តាមការអះអាងរបស់អ្នកបើកបរបញ្ជាក់ថា ទំនិញទាំងអស់នេះគឺបាននាំចូលពីប្រទេសវៀតណាម ហើយផ្ទេរទូរកុងតឺន័រនៅចំណុចសូន្យចូលមកកម្ពុជាតាមមាត់ច្រកអន្តរជាតិបាវិត ហើយដឹកទៅច្រកដូង នៅស្រុករមាសហែក រួចនាំចូលទៅវៀតណាមវិញ។ […]