(ខេត្តក្រចេះ)៖ ស្រ្តីជាប្រពន្ធបានស្លាប់ បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយប្តីបានយកកាំបិតផ្គាក់កាប់រងរបួសធ្ងន់ ដោយផ្តើមចេញពីការឈ្លោះប្រកែកគ្នាក្នុងគ្រួសារ លោកវរសេនីយ៍ទោ ណយ ស៊ីថាច អធិការរងទទួល ការងារយុត្តិធម៌ នៃអធិការដ្ឋានគរបាលស្រុកសំបូរបានឲ្យដឹងថា ករណីអំពើហិង្សាប្រព្រឹត្តដោយសហពន្ធ័នេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ ២០២១ នៅក្នុងភូមិវឌ្ឍនៈ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ បង្កឡើងដោយជនសង្ស័យជាប្តី ឈ្មោះ ជេម សុធា អាយុ ២៦ឆ្នាំ ជនរងគ្រោះជាប្រពន្ធឈ្មោះ បាន រដ្ឋាណា អាយុ ២៦ ឆ្នាំ អ្នកទាំងពីរមានទីលំ នៅភូមិ ឃុំកើតហេតុខាងលើ។
នៅវេលាកើតហេតុ ជនសង្ស័យជាប្តីបានឈ្លោះ ប្រកែកជាមួយជនរងគ្រោះជាប្រពន្ធ ពេលនោះជនសង្ស័យក៏បានយកកាំបិតផ្គាក់កាប់ទៅ លេីប្រពន្ធចំនួន៨កាំបិត បណ្ដាលអោយរងរបួសធ្ងន់ គឺត្រូវចំក្បាល២ កាំបិត ,ត្រូវចំថ្ពាល់ខាងឆ្វេង១កាំបិត ,ត្រូវចំបំពង់ករ១ កាំបិត , ត្រូវចំកែងដៃខាងស្ដាំ១កាំបិត ,ត្រូវចំខ្នង២កាំបិត ,ត្រូវចំស្មារខាងឆ្វេង១កាំបិត។
ក្រោយពីជនសង្ស័យបានធ្វេីសកម្មភាពកាប់ទៅលេីប្រពន្ធរួចមក ជននេះបានយកកាំបិតកាប់ទៅលើខ្លួនឯងត្រូវចំភ្លៅទាំងសងខាង និងត្រូវពោះ២កន្លែង ហេីយព្យាយាមបំរុងចងករសម្លាប់ខ្លួនទៀត ស្រាប់ តែពេលនោះកម្លាំងប្រជាការពារភូមិបានជួយអត្តរាគមន៍ចូលទៅឃាត់ទាន់។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នឹងយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំបូរ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីចាត់ការបន្តតាមនិតិវិធី។