(ខេត្តកំពត)៖ ក្រោយពីបានទទួលនូវសំណូមពរ និងមើលឃើញផ្ទាល់នូវតម្រូវការចាំបាច់សម្រាប់អាជីវករលក់ដូរក្នុងផ្សារកំពង់ត្រាច ដោយសារប្រព័ន្ធលូបង្ហូរទឹកកខ្វក់ចេញពីផ្សារ ដែលមានការកកស្ទះយូរឆ្នាំមកហើយនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានសន្យាថានឹងរៀបចំស្តារប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងរៀបចំសណ្តាប់ធ្នាប់ផ្សារឲ្យបានល្អ រក្សាបាននូវអនាម័យស្អាត បញ្ចៀសការជនលិចពេលមានភ្លៀង ឬក្លិចស្អុយ ដូចមុនទៀតទេ។
បន្ទាប់ពីបានចុះទៅធ្វើវេទិការដោះស្រាយជម្លោះដីត្រពាំងបបុស ជូនប្រជាពលរដ្ឋនៅថ្ងៃទី២៨ ខែ ដដែលនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានចុះពិនិត្យ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារកំពង់ត្រាច ស្ថិតស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីទទួលយកនូវសំណូមពរ និងបញ្ហាផ្សេងៗរបស់អាជីវករ និងប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារ។
ក្នុងដំណើរនៃការចុះពិនិត្យ និងសំណេះសំណាលនេះ អាជីវករជាអ្នកលក់ដូរ និងប្រជាពលរដ្ឋជាច្រើន បានលើកជាសំណើរដល់ឯកឧត្តមអភិបាលខេត្ត ឱ្យជួយសម្រួល និងធ្វើការស្តារប្រព័ន្ធលូបង្ហូរទឹកកខ្វក់ក្នុងផ្សារ ដែលបានកកស្ទះបង្ករឱ្យមានក្លិនស្អុយ ហើយពេលភ្លៀងមកម្តងៗមានការជន់លិចផ្សារដែលធ្វើឱ្យអាជីវករពិបាកក្នុងការលក់ដូរ។
អាជីវករ និងប្រជាពលរដ្ឋបានបញ្ជាក់ថា លូបង្ហូរទឹកកខ្វក់ក្នុងផ្សារនេះ គឺមានការកកស្ទះយូរឆ្នាំមកហើយ ហើយប្រធានផ្សារកំពង់ត្រាចនេះ មិនសូវមានការយកចិត្តទុកដាក់ក្នុងការរៀបចំសោភ័ណភាព និងសណ្តាប់ធ្នាប់អនាម័យ ដោយកង្វះខាតការគ្រប់គ្រងកាកសំណល់ ដែលបណ្តាលឱ្យមានការកកស្ទះប្រព័ន្ធលូ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានទទួលយកនូវសំណូមពររបស់អាជីវករ និងប្រជាពលរដ្ឋ ដោយផ្តល់ជូននូវថវិកាសម្រាប់ស្តារប្រព័ន្ធលូ ធ្វើយ៉ាងណាកុំឱ្យមានក្លិនស្អុយ និងជន់លិចពេលមានភ្លៀងម្តងៗ។ ហើយឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ប្រធានផ្សារកំពង់ត្រាច ត្រូវរៀបចំឱ្យបានឆាប់បំផុតក្នុងការស្តារប្រព័ន្ធលូនេះ ។ជាមួយគ្នានេះប្រធានផ្សារកំពង់ត្រាច ក៏បានសន្យាថា ដំណើរការស្តារប្រព័ន្ធលូ នឹងចាប់ធ្វើពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ៕