ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកណ្តាល

(ខេត្តកណ្តាល)៖ អាជ្ញាធរក្រុង-ស្រុក ដែលពាក់ព័ន្ធតាមដងទន្លេមេគង្គ ត្រូវពិនិត្យមើលបញ្ហាការបាត់ស្រុតច្រាំងទន្លេ ដែលបណ្តាលមកពីអាជីវកម្មបូមខ្សាច់ដែលមិនមានច្បាប់ និងមិនគោរពតាមគោលការណ៏ណែនាំរបស់ក្រសួងរ៉ែ និងថាមពល។

នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ តាមប្រព័ន្ឋវីដេអូ(Zoom Meeting) ដោយមានការចូលរួមពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត និងបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត។

ឯកឧត្តមបានបន្តទៀតថា៖ការបាក់ច្រាំងតាមបណ្តាស្រុក ឃុំមួយចំនួន ក៏ដូចជាក្នុងក្រុងតាខ្មៅដែរ នៅក្នុងរដូវទឹកដំឡើង និងទឹកសម្រកខាងមុខនេះ ដែលធ្វើអោយប៉ះពាល់ដល់លំនៅដ្ឋាន ដីបង្ករបង្កើនផល និងផ្លូវថ្នល់សំខាន់ៗក្នុងខេត្ត ព្រោះបញ្ហាច្រាំងទន្លេជាបញ្ហាកង្វល់ ហើយឃើញនៅតាមដងទន្លេមេគង្គមានការបាក់ច្រាំង ការច្រាំងនេះវាកើតមកពីការប្រែប្រួលចរន្តទឹកដែលនេះជារឿងមួយដែលនឹងកំពុងដោះស្រាយ ដែលរាជរដ្ឋាភិបាល ក្រសួងរ៉ែ និងថាមពល ក្រសួងធនធានទឹក និងក្រសួងបរិស្ថានកំពុងយកចិត្តទុកដាក់លើបញ្ហាបូមខ្សាច់ ការបញ្ចៀសចរន្តទឹកផង ដើម្បីយកធនធានរ៉ែនេះដើម្បីអភិវឌ្ឍន៏ប្រទេសជាតិ។

ឯកឧត្តមបណ្ឌិត ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា៖ បន្ទាប់ពីមានការស្រកចុះនូវទឹកទន្លេ ព្រែក អាចបណ្ដាលឱ្យមានការបាក់ច្រាំង ដែលជាកត្តាធម្មជាតិ ក៏ប៉ុន្តែក៏មានកត្តាមួយចំនួន ដែលជាបញ្ហាប្រឈមបណ្ដាលឱ្យមានការបាក់ច្រាំង និងធ្វើឱ្យរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដូចជា ការបូមខ្សាច់ខុសទីតាំងដែលបានកំណត់ និងកាបូបហួសម៉ោងដែលច្បាប់បានកំណត់ផងដែរ ដូច្នេះអាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ទីររ៉ែ និងថាមពល និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នាបញ្ចប់នូវសកម្មភាព ទាំងនេះឱ្យបាន ដើម្បីកាត់បន្ថយនូវការបាក់ច្រាំង និងការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមបណ្ឌិត ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរមូលដ្ឋាន ដែលបានខិតខំការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន បានយ៉ាងល្អប្រសើរ ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌកន្លងមកនេះ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *